ភ្នំពេញ៖ អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានដឹកនាំកម្លាំងផ្ទាល់ចុះដេញ បង្ក្រាបជាក់ស្ដែងករណីប្រើដែកជ្រុងចុងសំប៉ែតស្រួចកាច់សោរកម៉ូតូ នៅត្រង់ចំណុចវាលស្រែ ស្ថិតនៅភូមិទ័ពបោះសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ។
ប្រភពខាងនេះប្រាប់ឲ្យដឹងបន្តថាជនរងគ្រោះឈ្មោះ អ៊ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យទាំង២នាក់នោះរួមមាន ទី១-ឈ្មោះ ស៊ិន សុខភាព ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ ត្រេន ធឿន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ចំពោះវត្ថុតាងចាប់យកបានរួម ម៉ូតូ០២គ្រឿង ,វិទ្យុទាក់ទង (អាយឌី) ចំនួន០១គ្រឿង, ដែកជ្រុងចុងសំប៉ែតស្រួច ចំនួន០៥,កូនពូថៅចំនួន០១, ដែកដាប់ចំនួន០១, កូនសោរចាក់ផ្ទះមួយចង្កោម, កាតគ្រីម៉ូតូលេខ ភ្នំពេញ 1HL-3714 ចំនួន០១សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឈ្មោះ ខុន សុខម្នី ចំនួន០១សន្លឹក, មួកសន្តិសុខសាលាខណ្ឌមានជ័យចំនួន០១, ដែកឆ្កឹះសោរចំនួន០២ ។
ជនសង្ស័យ និងបច្ចុប្បន្នវត្ថុតាង ត្រូវបាននគរបាលខណ្ឌដង្កោនាំទៅសាកសួរ និងកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់ជាបន្ត ៕