បន្ទាយមានជ័យ៖ កម្លាំងកងពលតូចថ្មើរជើងលេខ៥១ បានឃាត់ខ្លួនមេខ្យល់ចំនួន ០២នាក់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេកំពុងដឹកនាំពលករឆ្លងដែនទៅប្រទេសថៃចំនួន ៨នាក់ ក្នុងនោះស្រីចំនួន ០១នាក់ ត្រង់ចំណុចភូមិសាស្ត្រ ផ្លូវចូលក្រុមហ៊ុនឧកញ៉ា សំផាន់ណារិទ្ធ ខេត្តបន្ទាយមានជ័យ ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា មេខ្យល់ដែលត្រូវឃាត់ខ្លួន ទី១ ឈ្មោះ លឹម ហួត ភេទ ប្រុស អាយុ ៣៨ឆ្នាំ រស់នៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងទី២ ឈ្មោះ ជូត សុខជ័យ ភេទ ប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បច្ចុប្បន្នពួកគាត់ទាំងពីរនាក់កំពុងត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយនៅ រដ្ឋបាលបុស្តិ ។ ចំណែកឯពលករទាំង ៨នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ ។
សូមជម្រាបថា នៅក្នុងតំបន់ខាងលើនេះលោក ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ បាន ចាត់តាំង លោក វរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ដឹកនាំកម្លាំងល្បាតជាប់ជាប្រចាំ ២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ៕