បាត់ដំបង៖ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ កម្លាំងអធិការដ្ឋាននគរបាលនគរបាលស្រុកសង្កែ បានធ្វើការបង្ក្រាបករណីក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈចំនួន ២លើក និងបានចាប់ខ្លួនយុវជនឈាមរាវចំនួន ១៨នាក់នៅចំណុចមុខហាងកាហ្វេ និងសាលា ដែលស្ថិតនៅក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង
។
បើតាមប្រសាសន៍របស់លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប បានសហការជាមួយកម្លាំងការិយាល័យជំនាញ ចុះប្រតិបត្តិការបង្ក្រាបករណីក្មេងទំនើងចំនួន ២ក្រុម ដែលណាត់គ្នាវាយតប់គ្នា ១លើក និងបានធ្វើការចាប់ខ្លួនក្មេងទំនើងចំនួន ១៤នាក់ ។ ក្នុងនោះ ក្រុមBlack Moon មានគ្នាចំនួន ១០នាក់ និងក្រុមU2I មានគ្នាចំនួន៤នាក់។ ក្រោយចាប់ខ្លួន សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាង កាំបិតចំនួន ២ដើម និងពូថៅចំនួន១ ។
ដោយឡែកលោកវរសេនីយ៍ឯក ស៊ុន សុវណ្ណ អធិការនគរបាលស្រុកសង្កែ ក៏បានចាប់ខ្លួនក្មេងទំនើងបង្កភាពអនាធិបតេយ្យតាមទីសាធារណៈ ១លើក ដែលបានបង្ករការអុកឡុកនៅលើកំណាត់ផ្លូវភ្លោះវាងក្រុង ក្នុងភូមិសាស្ត្រស្រុកសង្កែ មានចំនួន ៤នាក់ ផងដែរ។
បច្ចុប្បន្នក្មេងទំនើងទាំង ១៨នាក់ ខាងលើ កម្លាំងនគរបាលជំនាញបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពដូចនេះទៀត រួចប្រគល់ជូនទៅអាណាព្យាបាលយកទៅអប់រំបន្តនៅសហគមន៍វិញ៕