ភ្នំពេញ ៖ នៅចាំទេចោរស្រីរូបស្រស់ម្នាក់ ដែលត្រូវបានម្ចាស់ហាងទូរស័ព្ទ២កន្លែង ចាប់បានស្តែងៗ បន្ទាប់ធ្វើជាចូលទៅទិញទូរស័ព្ទទំនើបៗ២គ្រឿង តែបែរបន្លំចង់លួចយកទៅ ដោយប្រើល្បិចនេះល្បិចនោះ។
ក្រោយមិនត្រូវបានសមត្ថកិច្ចដាក់ទោសទណ្ឌ ដោយគ្រាន់តែអប់រំណែនាំ និងក៏សូម្បីអ្នកវិភាគខ្លះ យល់ថា ការធ្វើឡើងរបស់ជនរងគ្រោះទាំងនោះ ទៅលើជនសង្ស័យខាងលើ គឺជារឿងហាក់លើសពេកហើយ ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់ នៅពេលនេះ គឺបានភ្លឺភ្នែកហើយ ដោយពេលនេះ ចោរស្រីបានដៃរូបនេះ ត្រូវបានសមត្ថកិច្ចសម្រេចប្រើធម៌ក្តៅហើយ បន្ទាប់ពីបានប្រព្រឹត្តអំពើដ៏គួរឲ្យស្អប់ដដែលៗ លួចទូរស័ព្ទគេកាលពីពេលជាថ្មីៗនេះទៀត។
នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Ro Ya ជាម្ចាស់ទូរស័ព្ទ ដែលចោរស្រីរូបនេះបានលួច បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «ចោរស្រីដែលលួចទូរសព្ទ័ផ្ទះខ្ញុំ កាលពីថ្ងៃ27/4/2021 ឥឡូវខ្ញុំចាប់បញ្ចូនអោយសមត្តកិច្ចដាក់គុគបានសំរេចហើយ គាត់ដើរចូលកាត់តាមមុខផ្ទះខ្ញុំ កាលពីថ្ងៃ30/4/2021 គាត់ស្មានតែខ្ញុំភ្លេចគាត់ ខ្លាំងណាស់ ចាប់បានហើយ ចង្អុលមុខយើងទៀត អត់ខ្លាចយើងទេ ឥឡូវបញ្ចូនទៅស្រុកហើយ»។
ម្ចាស់គណនីខាងលើ ដែលជាខ្មែរឥស្លាម ក៏បានបន្ថែមថា៖ «Allahamdulillah អុីចឹងបានថា លួចគេវាគ្រាន់គេទាន់វាក្រែល មុខរបរច្រើនណាស់មិនរកទេ យកទ្រព្យគេវាក្ដៅក្រហាយអុីចឹង ហើយក៏សូមថ្លែងអណគុណដល់បងៗសមត្តកិច្ច ជាពិសេសលោកមេបុស្តិ៍ Kim Song ដែលបានជួយសហការធ្វើការបានដោយរលូន»៕