ខេត្តសៀមរាប ៖ ក្រុមមន្រ្តីរដ្ឋបាលខេត្តសៀមរាប បានចុះធ្វើការអប់រំផ្សព្វផ្សាយដល់អាជីវករនៅក្នុងផ្សារលើធំថ្មី ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់ អនុវត្តវិធានការ ពាក់ម៉ាស់ ឲ្យបានគ្រប់ៗគ្នា រួមទាំងការរក្សាគម្លាត បើមិនដូច្នេះទេ អាជ្ញាធរខេត្តនឹងចាប់ផ្តើមអនុវត្តវិធានការ ពិន័យអន្តរកាល ក្រោយពីបញ្ចប់ ការអប់រំផ្សាយ គ្រប់ផ្សារទាំងអស់ ក្នុងក្រុងសៀមរាប និងតាមទីរួមស្រុក ចាប់ពីថ្ងែទី១៥ ខែ មេសា ឆ្នាំ២០២១តទៅ។
ឯកឧត្តមពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រតិបត្តិការនេះជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាលខេត្ត កងកម្លាំងសមត្ថកិច្ច បានធ្វើការណែនាំដល់ប្រជាពលរដ្ឋដែលចេញ.ចូលផ្សារ និងតាមទីប្រជុំជន គឺត្រូវពាក់ម៉ាស់ឱ្យបានគ្រប់ៗគ្នា កាលណាបងប្អូនមិនចូលរួមពាក់ម៉ាស់នោះទេ ប្រសិនបើមានការឆ្លងជំងឺកូវី-១៩នោះ នឹងត្រូវបិទផ្សារនេះតែម្តង។ ក្នុងការចុះមកផ្ទាល់ យើងក៏សង្កេតឃើញថា ប្រជាពលរដ្ឋមានការភ្ញាក់រលឹក ម្ចាស់ការខ្លួនឯង ដោយបានពាក់ម៉ាសស្ទើរតែ៩៥ភាគរយ អ្នកខ្លះការប្រើម៉ាស់បានត្រឹមត្រូវ និងអ្នកខ្លះទៀតនៅមិនទាន់បានត្រឹមត្រូវនៅឡើយ ក្នុងនោះលោកបញ្ជាក់ថា គណៈកម្មការនៅមិនទាន់អនុវត្តវិធានការ ក្នុងការផាកពិន័យនូវឡើយទេ គឺគ្រាន់តែចុះមកអប់រំណែនាំបងប្អូនជាបន្តបន្ទាប់ទៀត។ ជាមួយនឹងការអប់រំផ្សព្វផ្សាយនេះ ក្រុមការងារបានផ្សព្វផ្សាយដល់ផ្សារចំនួនបី មានផ្សារលើធំថ្មី ផ្សារសាមគ្គី និង ផ្សារទំនើបអង្គរ ហើយថ្ងៃបន្តក្រុមការងារ និង ចុះអប់រំនៅតាមផ្សារមួយចំនួនទៀត ដោយបែងចែក ក្រុមការងារតាមការកំណត់ទុក ។
ឯកឧត្តមអភិបាលរងខេត្ត ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួន និងកុំមើលស្រាលលើជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ-កុំនៅបន្ទប់បិទជិត-កុំនៅកន្លែងកុះករ-កុំប៉ះពាល់គ្នា និង ៣ការពារ-ត្រូវពាក់ម៉ាស់-ត្រូវលាងដៃ-ត្រូវរក្សាគម្លាតបុគ្គល៕