ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងបើករថយន្ត ក្នុងល្បឿនលឿន ជ្រុលចង្កូតទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលឲ្យរបងផ្ទះរងការខូចខាត ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ហើយអ្នកបើកបរ និងអ្នករួមដំណើរ រងរបួសធ្ងន់និងស្រាល នៅចំណុចស្ពានលេខ២ តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតនៅក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កាលពីម៉ោង ១២និង៣០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តកាមរីហាយប្រីតពណ៌ស្ករមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BC-0957បើកបរដោយបុរសម្នាក់រួមដំណើរនឹងបុរសម្នាក់ទៀត ធ្វើដំណើរទិសដៅពីជើងទៅត្បូងចូលក្រុងភ្នំពេញ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលឲ្យរបងផ្ទះរងការខូចខាតយ៉ាងដំណំ។ចំណែករថយន្តខ្ទាតចេញមកកណ្តាលថ្មល់រងការខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង និងរងរបួសធ្ងន់ម្នាក់ស្រាលម្នាក់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំដោះស្រាយគ្នានៅពេលក្រោយ៕