ភ្នំពេញ ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១នេះថា FFC និងលោក Keisuke Honda រួមជាមួយនឹងសហការីរបស់គាត់បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិទាំងឈុតធំ និងក្រុមយុវជនអាយុក្រោម២៣ឆ្នាំ ឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងថា «ខ្ញុំអាចឆ្លើយបានថា យើងយកលោក Keisuke Honda ដែលជាជនជាតិជប៉ុន និងជាកីឡាករអន្តរជាតិដ៏ល្បីល្បាញរូបនេះបន្តដឹកនាំក្រុមជម្រើសជាតិកម្ពុជា ក្នុងឋានៈជាអ្នកចាត់ការទូទៅដដែល មានន័យថា យើងបន្តកុងត្រាថ្មី ដោយលោក Honda នឹងពិនិត្យមើលក្រុមឈុតធំ និងក្រុមឈុតអាយុក្រោម២៣ឆ្នាំ។ ចំណែកឯលោក Felix Dalmas ជនជាតិអាហ្សង់ទីន ដែលជាអតីតគ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា នៅក្នុងក្រុមដឹកនាំជាមួយលោក Honda កាលពីពេលកន្លងទៅនោះ មិនបន្តដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាយើងទៀតទេ»។
សូមបញ្ជាក់ថា លោក Keisuke Honda ដែលជាអ្នកចាត់ការទូទៅ និងលោក Felix Dalmas ជាគ្រូបង្គោលបានមកដឹកនាំក្រុមជម្រើសជាតិកម្ពុជា កាលពីខែសីហា ឆ្នាំ២០១៨ ហើយបានផុតកំណត់កិច្ចសន្យាកាលពីខែសីហា ឆ្នាំ២០២០៕