វ៉ាស៊ីនតោន ៖ តាមប្រភពពីមន្ត្រីអាមេរិកម្នាក់ ដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ បានអោយដឹងថា កូរ៉េខាងជើងបានបាញ់សាកល្បង មីស៊ីលរយៈចម្ងាយខ្លីចំនួន ០២គ្រាប់ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បញ្ចប់ដំណើរទស្សនកិច្ច នៅក្នុងប្រទេសកូរ៉េខាងត្បូង និងជប៉ុន។
មន្ត្រីអាមេរិកខាងលើបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃអង្គារសប្ដាហ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៊ីលរយៈចំងាយខ្លីចំនួន ០២គ្រាប់កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ដែលជាសកម្មភាពតេស្ដមីស៊ីលលើកដំបូងបំផុត ចាប់តាំងពីលោក ចូ បៃដិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីថ្ងៃទី២០ ខែមករា។ មន្ត្រីអាមេរិកដដែលបានបន្តទៀតថា ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង មិនមែនជាសកម្មភាពបង្ករឿងធ្ងន់ធ្ងរអ្វីនោះទេ ហើយថែមទាំងអះអាងដែរថា សហរដ្ឋអាមេរិកនៅតែបើចំហទ្វារចរចា ជាមួយទីក្រុងព្យុងយ៉ាង៕