រាជធានីតូក្យូ៖ ក្រោយពេលកិច្ចពិភាក្សាការទូត និងវិស័យការពារជាតិ ក្នុងការពង្រឹងសម្ព័ន្ធមិត្ត ប្រឆាំងនឹងឥទ្ធិពលរបស់ចិននោះមក សហរដ្ឋអាមេរិក និងជប៉ុន នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានព្រមានដល់ទីក្រុងប៉េកាំង ចំពោះឥរិយាបថបង្កអស្ថិរភាព នៅក្នុងតំបន់។
បើតាមសារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយ នៅថ្ងៃទី១៦ ខែមីនា ថា ប្រមុខមន្ទីរបញ្ចកោណ លោក Lloyd Austin និងប្រមុខការទូតរបស់សហរដ្ឋអាមេរិក លោក Antony Blinken បានទៅបំពេញទស្សនកិច្ច ជាលើកដំបូង នៅក្នុងប្រទេសជប៉ុន កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១។ រដ្ឋមន្រ្ដីក្រសួងការពារជាតិ និងរដ្ឋមន្រ្ដីក្រសួងការបរទេសអាមេរិក កំពុងតែពង្រឹកនូវសម្ព័ន្ធមិត្ត នៅក្នុងតំបន់ ហើយផ្ញើសារទៅកាន់ទីក្រុងប៉េកាំង។
សារព័ត៌មានសិង្ហបុរី CNA បានបន្ដថា ក្រោយពេលបំពេញទស្សនកិច្ចជាលើកដំបូង នៅក្នុងប្រទេសជប៉ុន ក្រោយពេលឡើងកាន់តំណែងនោះមក រដ្ឋមន្រ្ដីសហរដ្ឋអាមេរិកទាំងរូប បានបន្តដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ហើយការត្រួតពិនិត្យមើលគោលនយោបាយរដ្ឋបាលថ្មី នៃវិធីសាស្រ្តរបស់ខ្លួន ចំពោះក្រុងព្យុងយ៉ាង ហើយក៏ជាសារដ៏សំខាន់មួយ នៃការផ្សព្វផ្សាយផ្នែកការទូតផងដែរ។ ប៉ុន្ដែកិច្ចពិភាក្សា នៅក្នុងទីក្រុងតូក្យូង បានផ្ដោតទៅលើចិន រួមទាំង ការបង្កើនវត្ដមានរបស់ចិន នៅជុំវិញកោះមានជម្លោះជាមួយជប៉ុន ក៏ដូចជាស្ថានភាព នៅកោះតៃវ៉ាន់ និងហុងកុងផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ត្រូវបានចេញផ្សាយ បន្ទាប់ពីកិច្ចពិភាក្សាទ្វេភាគី ជាមួយសមភាគីជប៉ុននោះ សហរដ្ឋអាមេរិកបានព្រមានថា «ឥរិយាបថរបស់ចិនគឺមិនស្របនឹងច្បាប់អន្តរជាតិដែលមានស្រាប់ ហើយវាជាបង្ហាញពីបញ្ហាប្រឈមមុខខាងនយោបាយ សេដ្ឋកិច្ចយោធា និងបច្ចេកវិទ្យា»ផងដែរ៕