បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា បានថ្លែងថា យ៉ាងហោចណាស់ ក៏មានមនុស្ស៤នាក់បន្ថែមទៀត ត្រូវបានក្រុមយោធាបាញ់សម្លាប់ នៅក្នុងការបន្ដបង្រ្កាបទៅលើក្រុមអ្នកតវ៉ា ប្រឆាំងនឹងអំពើរដ្ឋប្រហារ នៅក្នុងប្រទេសនេះ។ នេះបើតាមបណ្ដាញទូរទស្សន៍របស់ CNA ផ្សាយ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១។
ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ ហៅកាត់ UN បានថ្លែងថា ក្រុមបាតុករ ១៤៩នាក់ ត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់សម្លាប់ ហើយរាប់រយនាក់បានបាត់ខ្លួន គិតចាប់តាំងពីមេដឹកនាំយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារ រឹបអូសអំណាចពីរដ្ឋាភិបាលស៊ីវិល ហើយចាប់ឃុំខ្លួនលោកស្រី អ៊ុង សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងប្រធានាធិបតី ព្រមទាំងមន្រ្ដីជាន់ខ្ពស់របស់លោកស្រីជាច្រើនរូប កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។
រហូតមកដល់ពេលនេះ ក្រុមយោធាបានបង្ហាញយ៉ាងច្បាស់ ក្នុងការដើរតួនាទីបង្រ្កាបទៅលើក្រុមអ្នកតវ៉ា ប្រឆាំងនឹងអំពើរដ្ឋប្រហារយោធានេះ។ មេដឹកនាំយោធា បានប្រកាសប្រើច្បាប់អាជ្ញាសឹក នៅតាមតំបន់ជាច្រើន នៅក្នុងទីក្រុងយ៉ាំងហ្គូន ជាទីតាំង នៃអំណាចរដ្ឋបាល និងតុលាការ។ រីឯអំណាចទាំង២នេះ បានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ក្រុមយោធា។
ទោះជាក្រុមយោធាបានបាញ់បង្រ្កាបទៅលើហ្វូងបាតុករយ៉ាងណាក្ដី ប៉ុន្ដែកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ការតវ៉ានៅតែបន្ដកើតមនាឡើង នៅក្នុងទីក្រុង Mandalay ជាទីក្រុងធំ លំដាប់ទី២ បន្ទាប់ពីទីក្រុងយ៉ាងហ្គូន ហើយមានបាតុកម្មនៅតាមកន្លែងជាច្រើនទៀត។ ដោយឡែកកងសន្ដិសុខ បានបង្កើនការបាញ់ប្រហារទៅលើប្រជាពលរដ្ឋ បណ្ដាលឲ្យមនុស្សយ៉ាងហោចណាស់ ចំនួន៤នាក់ស្លាប់។
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ ពលរដ្ឋមីយ៉ាន់ម៉ា ១៤៩នាក់ ត្រូវបានក្រុមយោធាបាញ់សម្លាប់ និងបាត់ខ្លួនរាប់រយនាក់។ ក្នុងចំណោមជនរងគ្រោះទាំងនោះ នោះ មានទាំងស្រ្ដី និងកុមារផងដែរ។
ជាមួយគ្នានេះដែរ លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សានៅតែបន្ដ ប្រឆាំងនឹងក្រុមអ្នកតវ៉ាអហិង្សា។
ដោយឡែក ក្រុមមួយ រួមបញ្ចូលទាំងសមាជិកសភា មកពីគណបក្សនយោបាយរបស់លោកស្រី អ៊ុងសានស៊ូជី បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ បានអំពាវនាវឱ្យមានការតស៊ូប្រឆាំងនឹងយោធា។ សេចក្តីថ្លែងការណ៍នោះបានបញ្ជាក់ថា រាល់កិច្ចការពារខ្លួន ដោយគោរពតាមច្បាប់ មិនមែនជាទោសព្រហ្មទណ្ឌនោះទេ៕