បរទេស៖ បណ្ដាញផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បានផ្សាយថា ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង បានគំរាមកំហែងដល់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចំពេលលោករដ្ឋមន្ត្រីការបរទេស និងលោករដ្ឋមន្រ្ដីក្រសួងការពារជាតិ នៃប្រទេសមហាអំណាចលេខ១ ទាំងសេដ្ឋកិច្ច និងយោធារបស់ពិភពលោក បានទៅបំពេញទស្សនកិច្ច នៅក្នុងរាជធានីតូក្យូ និងរដ្ឋធានីសេអ៊ូល។
បើតាមបណ្ដាញសារព័ត៌មាន France 24 បានផ្សាយ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានចូលរួមធ្វើសមយុទ្ធយោធារួមគ្នា កាលពីសប្ដាហ៍មុន។ ស្របពេលជាមួយគ្នានេះដែរ សារព័ត៌មាន Rodong Sinmun ផ្លូវការរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ក៏បានដកស្រង់សម្ដីរបស់លោកស្រី Kim Yo Jong ប្អូនស្រីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង ថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក កំពុងតែពង្រីកអំណាចយោធា នៅលើទឹកដីរបស់យើង ដោយឆ្លងកាត់មហាសមុទ្រ។
លោកស្រី គីម យូជុង បានបញ្ជាក់ថា ប្រសិនបើអ្នកចង់កាន់អំណាចបានស្រួល នៅក្នុងរយៈពេល៤ឆ្នាំ នៃអាណត្ដិរបស់អ្នក អ្នកនឹងបានស្រួល ដោយមិនចាំបាច់បង្កើតអ្វីបន្ថែម ដើម្បីធ្វើឲ្យបាត់បង់ភាពសុខស្រួលរបស់អ្នកនោះឡើយ។ នេះជាសារមួយយ៉ាងច្បាស់ដំបូងបង្អស់របស់ប្រទេសមានមហិច្ឆតាខាងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ផ្ញើទៅកាន់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីលោក ចូ បៃដិន ឡើងកាន់តំណែង។
សហរដ្ឋអាមរិក តែងតែព្យាយាមរំសាយអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង ហើយនៅក្នុងពេលលោក ដូណាល់ ត្រាំ ស្ថិតក្នុងតំណែងជាប្រធានាធិបតីអាមេរិក បានព្យាយាមចរចារជាមួយនឹងមេដឹកនាំកូរ៉េខាងជើង ជាច្រើនលើកច្រើនសា។ ប៉ុន្ដែទាំងការចរចា នៅក្នុងប្រទេសសិង្ហបុរី និង វៀតណាម រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន សុទ្ធតែបរាជ័យទាំងអស់។
លោកស្រី គីម យូជុង ជាទីប្រឹក្សាដ៏ទុកចិត្តបំផុតរបស់លោក គីម ជុងអ៊ុន ជាបងប្រុសរបស់លោកស្រី។ លោកស្រីបានបញ្ចេញសំឡេងដ៏សំខាន់នេះ ចំពេលប្រទេសកូរ៉េទាំង២កាន់តែមានភាពតានតឹងដាក់គ្នា ចាប់តាំងពីឆ្នាំមុនមកម៉្លេះ។ ដោយសារតែភាពតានតឹងនោះ ទើបកូរ៉េខាងជើង បានបំផ្ទុះការិយាល័យទំនាក់ទំនងរបស់ខ្លួន នៅជិតព្រំដែន រវាងប្រទេសបងប្អូនបង្កើតក្លាយជាសត្រូវនឹងគ្នាមួយនេះ។
ដោយឡែករដ្ឋាភិបាលសេអ៊ូល និងវ៉ាស៊ីនតោន បានចុះសន្ធិសញ្ញា ក្លាយជាសម្ព័ន្ធមិត្ត ដោយបានបោះទីតាំងឈរជើងកងទ័ពអាមេរិក ចំនួន ២៨ ៥០០នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីការពារប្រទេសនេះ ទប់ទល់នឹងប្រទេសកូរ៉េខាងជើង។
លោកស្រី គីម យូជុង បានថ្លែងទៀតថា កូរ៉េខាងជើង តែងតែថ្កោលទោស ចំពោះការធ្វើសមយុទ្ធ ដែលជាការត្រៀម សម្រាប់ចូលឈ្លានពានប្រទេសរបស់ខ្លួន។ រដ្ឋាភិបាលកូរ៉េខាងត្បូង គួរតែមានជម្រើសជាថ្មី ថាតើយក«ខែមីនាសម្រាប់សង្គ្រាម» ឬយក «ខែមីនាជាវិបត្តិ» សំខាន់ជាងយក «ខែមីនា ជាភាពដ៏កក់ក្តៅ» សម្រាប់ប្រជាជនទាំងអស់៕