ខេត្តពោធិ៍សាត់ ៖ ស្ត្រីម្នាក់ ពញរោះតែបាត់ប្តីពីផ្ទះ ខំដើររក ប៉ុន្តែជាអកុសល បានដេកស្លាប់នៅលើកំណាត់ផ្លូវរទេះគោក្បែរផ្ទះ របស់ខ្លួន (សង្ស័យជាករណីខ្យល់ គរ)។ ហេតុការណ៍នេះកើតឡើង នៅចំណុចផ្លូវរទេះក្រោយផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិស្វាយជ្រុំឃុំបឹងបត់ណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
សាកសពជនរងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ សោ ចាន់ធា អាយុ៤០ឆ្នាំ រស់នៅភូមិឃុំខាងលើ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ដើរចេញពីផ្ទះរបស់ ឈ្មោះ ហុំ ហ៊ន វង្វេងរកប្តី រួចដើរញីញ័រ តាមក្រោយក្មេងឃ្វៀលគោ ពេលមកដល់ចំណុចខាងលើ បានដួលផ្កាប់មុខ បែកមាត់ រួចងើបអង្គុយមួយសន្ទុះ បានដេកទៅវិញ ក្រោយមកក្មេងឃ្វៀលគោ ឈ្មោះ ភ័ណ្ឌ សីហា ភេទប្រុស អាយុ១៣ឆ្នាំ បែរក្រោយមក ឃើញក៏រត់ទៅប្រាប់អ៊ុស្រី ឈ្មោះ ហុំហ៊ន ហើយគាត់បានដើរមកមើល ប្រទះឃើញជនរងគ្រោះ ដេកស្លាប់ បាត់ទៅហើយ នៅកណ្តាលផ្លូវរទេះគោ ក៏មានការភ្ញាក់ផ្អើលដល់អាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុ។
សមត្ថកិច្ចបានឲ្យដឹងថាក្រោយទទួលព៌តមានពីប្រជាពលរដ្ឋសមត្ថកិច្ច ជំនាញពិនិត្យវិភាគកន្លែងកើតហេតុបានចុះធ្វើកោសល្យវិច័យពិនិត្យនិងសន្និដ្ឋានថាសាកសពជនរងគ្រោះ ខាងលើស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។ ក្រោយពីការពិនិត្យយ៉ាងយកចិត្តទុកដាក់រួចរាល់ហើយបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕