រាជធានីបាងកក៖ នារីពេញក្រមុំម្នាក់ ទើបនឹងមានអាយុ១៨ឆ្នាំ បានប្រើល្បិចយ៉ាងសាហាវ ដើរបោកលុយពីជនរងគ្រោះ ចំនួន៥០០នាក់ អស់លុយជាង១០លានបាត (លុយថៃ) ឬស្មើនឹងជាង៣១ម៉ឺនដុល្លារអាមេរិក តែអំពើអាក្រក់ នឹងឲ្យផលត្រឡប់មកវិញ ហើយត្រូវប៉ូលិសឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា នៅក្នុងឃុំ Naklua ទីក្រុងប៉ាទីយ៉ាង ប្រទេសថៃ។
ប៉ូលិសទីក្រុងប៉ាទីយ៉ា បានឲ្យដឹងថា ជនសង័្សយ ឈ្មោះ Nattidapan អាយុ១៨ឆ្នាំ។ នាងត្រូវបានជនរងគ្រោះ ចំនួន៥០០នាក់ ប្ដឹងចោទប្រកាន់ ពីបទ «ឆបោកប្រាក់»របស់ពួកគេ សរុបជាង៣១ម៉ឺនដុល្លារអាមេរិក។ រីឯការចាប់ខ្លួននារីសង័្សយខាងលើនេះ គឺប៉ូលិសទីក្រុងប៉ាទីយ៉ា បានធ្វើឡើង តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះទាំងនោះ និងក្រោមដីកាបង្គាប់ឲ្យចាប់ខ្លួន។
ប៉ូលិសទីក្រុងប៉ាទីយ៉ា បានបញ្ជាក់ថា សាលាដំបូងទីក្រុងផាតាយ៉ា បានចេញដីកា បង្គាប់ឲ្យចាប់ខ្លួនជនសង័្សយខាងលើ។ ប៉ុន្ដែរហូតមកដល់ពេលនេះ ជនសង័្សយកំពុងប្រឈមនឹងការចោទប្រកាន់ ពីបទ «ក្លែងបន្លំដោយមានចេតនាបោកបញ្ឆោតអ្នកដទៃ»។
ទោះជាយ៉ាងណា ប៉ូលិសទីក្រុងប៉ាទីយ៉ា មិនបានបញ្ជាក់លម្អិត អំពីវិធីសាស្រ្ដឆបោករបស់ជនសង័្សយ ដែលនាំឲ្យមនុស្ស៥០០នាក់ធ្លាក់ចូល នៅក្នុងការចាញ់បោកនាង រហូតអស់លុយយ៉ាងច្រើនសន្ទឹកសន្ធាប់បែបនេះទេ៕