ជាគំរូមួយល្អ ជាអ្នកជំនួញមួយរូប ស្រលាញ់រាជធានីភ្នំពេញចង់រួមចំណែកចូលរួមដោះស្រាយបញ្ហាសំរាម លោក ឧកញ៉ាឡេង ណាវ៉ាត្រា បានបញ្ចេញឡានបែនដឹកដី ជាង 100 គ្រឿង ដើម្បីដោះស្រាយបញ្ហាចំពោះមុខជាមួយសាលារាជធានីភ្នំពេញ មិនតែប៉ុណ្ណោះលោកឧកញ៉ាបានចុះផ្ទាល់ជាមួយកម្មករ ពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសម្រាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត។ នេះបើតាមការបង្ហោះលើផេកផ្លូវការរបស់ លោកឧកញ៉ា។ រថយន្តបែនដឹកដីជាង១០០គ្រឿងនោះ ត្រូវបានគេដឹងថា បានធ្វើប្រតិបត្តិការបានចំនួន២ថ្ងៃហើយ ដែលបច្ចុប្បន្នកំពុងតែសម្រុក ដឹកចេញពី ផ្សារនាគមាស ផ្សារកាណាស៊ីធី ព្រមទាំងទីតាំងប្រឈមជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ។ អ្វីដែលជាការចាប់អារម្មណ៍នោះ ថ្ងៃទី១០ ខែ តុលា ឆ្នាំ ២០២០នេះ គឺជាថ្ងៃខួបកំណើត គម្រប់៣៣ឆ្នាំរបស់លោកឧកញ៉ាតែម្ដង ប៉ុន្តែលោកឧកញ៉ា បានចុះផ្ទាល់ជាមួយកម្មករ ពាក់ស្បែកជើងផ្ទាត់ ចុះជួយប្រមូលសំរាមតាមផ្លូវ យ៉ាងសាមញ្ញបំផុត ។ ជាមួយគ្នានោះដែរ លោក ឧកញ៉ា ក៏បានផ្ដាំផ្ញើទៅបងប្អូនទាំងអស់ក្នុងរាជធានីភ្នំពេញ សូមមេត្តាយោគយល់និងអធ្យាស្រ័យជុំវិញបញ្ហាសំរាមនេះ សាលាក្រុងកំពុងប្រឹងប្រែងណាស់បញ្ហានេះ ហើយក្រុមហ៊ុនឡេងណាវ៉ាត់ត្រាគ្រុប និងជួយស្វែងរកដំណោះស្រាយក្នុងការប្រមូលឲ្យបានល្អបំផុតទៅតាមដែលអាចធ្វើបាន ។