រាជធានីភ្នំពេញ ៖ រថយន្តយីឌុប ប្រភេទដឹកដីធុនធំមួយគ្រឿង បានបេីកបុករថយន្ត PAJERO ពីក្រោយយ៉ាពេញទំហឹង បណ្ដាលឲ្យមនុស្សរបួសធ្ងន់២នាក់ និងស្រាលម្នាក់ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ស្ថិនៅក្បែររង្វង់មូលនាងកងស្រូវ ប្រហែល១០០ម៉ែត្រ តាមផ្លូវ២១៧ ស្ថិតក្នុងសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រជាពលរដ្ឋនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅពេលកេីតហេតុ រថយន្តម៉ាក PAJERO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង 2A-2691 បានបេីកចេញពីកន្លែងលក់សាច់អាំងក្បែរកន្លែងកេីតហេតុ តាមផ្លូវ២១៧ ក្នុងទិសដៅពីត្បូងទៅជេីង បញ្ច្រាសទិសគ្នាជាមួយ រថយន្តម៉ាក DAEWOO ប្រភេទយីឌុបដឹកដីធុនធំ ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកដី ជ្រុលទៅបុករថយន្ត PAJERO ចំហៀងពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តPAJERO វិលពីរទៅបីជុំ រងការខូចខាតយ៉ាងដំណំ និងទៅប៉ះរថយន្តមួយគ្រឿងទៀត ចតនៅចញ្ចេីមផ្លូវរងការខូចខាតតិចតួច។
ក្រោយពេលកេីតហេតុភ្លាមៗ អ្នកបើករថយន្តយីឌុបបានបេីកគេចខ្លួន តែត្រូវប្រជាពលរដ្ឋដេញតាមចាប់បានទាំងរថយន្ត និងអ្នកបើកបរ ប្រគល់ឲ្យសមត្ថកិច្ច។ ក្នុងហេតុការណ៍នេះ គេឃេីញមនុស្សប្រុស៣នាក់ នៅក្នុងរថយន្តរងគ្រោះ ម៉ាក PAJERO រងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ហេីយត្រូវបានប្រជាពលរដ្ឋយករថយន្តមកដឹកបញ្ចូនទៅកាន់មន្ទីពេទ្យ ដេីម្បីសង្គ្រោះភ្លាមៗផងដែរ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅជំនាញចរាចរណ៍ ចុះមកវាស់វែងយករថយន្ត PAJERO និងរថយន្តយីឌុប យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ។ ឯរថយន្តមួយគ្រឿងទៀត ដែលរងការខូចខាតតិចតួចមិនចង់មានរឿងវែងឆ្ងាយ ក៏បេីកចេញពីកន្លែងកេីតហេតុបាត់៕