ខេត្តស្វាយរៀង៖ បុរសម្នាក់តូចចិត្ត
នឹងប្រពន្ធសុំលែង តែងរត់ទៅចងកសម្លាប់ខ្លួន លុះសាកលើកទី២ ក៏សម្រេចដូចបំណង បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ។
ជនរងគ្រោះឈ្មោះ ជុច សុបុន អាយុ៤២ឆ្នាំ មុខរបរកសិករ រស់នៅភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក ។
អ្នកភូមិ បានឱ្យដឹងថា កន្លងមក ដោយសារខូចចិត្តនឹងប្រពន្ធសុំលែង ទើបធ្វើឱ្យបុរសរងគ្រោះ មានអារម្មណ៍សោកសៅយ៉ាងខ្លាំង ហើយធ្លាប់ចងកសម្លាប់ខ្លួនម្ដងរួចមកហើយ ។ លុះមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ស្រាប់តែគេប្រទះឃើញបុរសរងគ្រោះចងកនៅក្នុងផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងគ្រូពេទ្យបានចុះទៅពិនិត្យសាកសព ឃើញជនរងគ្រោះយកភួយពណ៌ក្រហម ចងកជាប់នឹងផ្លានដំបូលផ្ទះបាយ។ ប៉ុន្តែករណីនេះមិនមានស្លាកស្នាមអ្វីសម្គាល់ថា ជារឿងឃាតកម្មនោះទេ រួចហើសមត្ថកិច្ចបានប្រគល់សពទៅឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕