រាជធានីភ្នំពេញ៖ លោក គង់ គាំ ប្រធានកិត្តិយសគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ បានអបអរសាទរ និងគាំទ្រ ចំពោះការទទួលសិទ្ធិធ្វើនយោបាយឡើងវិញរបស់ លោក សុន ឆ័យ អតីតសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ នៃអតីតគណបក្សសង្រ្គោះជាតិ ដើម្បីឈានទៅបង្កើតកម្លាំងប្រជាធិបតេយ្យថ្មី ដោយមិនរង់ចាំការរស់ឡើងវិញរបស់គណបក្សសង្រ្គោះជាតិ ដែលតុលាការបានរំលាយចោលនោះទេ។
លោក សុន ឆ័យ អតីតតំណាងរាស្រ្ត និងអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២រូបទៀត ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ផ្តល់នីតិសម្បទា ធ្វើនយោបាយឡើងវិញ បន្ទាប់ពីអតីតតំណាងរាស្រ្ដទាំង២រូប ដាក់លិខិតស្នើសុំទៅកាន់ក្រសួងមហាផ្ទៃ។
នៅក្នុងលិខិតចំហរបស់ខ្លួនផ្ញើទៅកាន់លោក សុន ឆ័យ និង លោក អ៊ូ ច័ន្ទរ័ត្ន នោះ លោក គង់ គាំ បានបញ្ជាក់ថា «ខ្ញុំសូមសម្តែងការអបអរ និងគាំទ្រការសុំសិទ្ធិ ការទទួលបាននីតិសម្បទា ធ្វើនយោបាយឡើងវិញ ជាពិសេសលោក សុន ឆ័យ ។ លើសពីនេះ លោកសូមកោតសរសើរ និងរីករាយ ចំពោះបំណងរបស់លោកទាំងពីរ អំពីគម្រោង (តាមប្រព័ន្ធព័ត៌មាន)ថា នឹងបង្កើតគណបក្សនយោបាយថ្មី ដើម្បីចូលរួមការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នៅឆ្នាំ២០២៣ ដោយមិនសង្ឃឹម មិនជឿ មិនរង់ចាំលទ្ធផលពីអន្តរជាតិ និងពីមេដឹកនាំអតីត CNRP អំពីការបង្ខំតាមមធ្យោបាយផ្សេងៗឲ្យ CPP សង CNRP សងតំណែងជាប់ឆ្នោត និងឲ្យរៀបចំការបោះឆ្នោតឡើងវិញមុនឆ្នាំ២០២២ និងឆ្នាំ២០២៣ នោះអាចកើតឡើងបានឡើយ»។
លោក គង់ គាំ បានសង្ឃឹមថា លោក សុន ឆ័យ និង លោក អ៊ូ ច័ន្ទរ័ត្ន នឹងទទួលបានសមតាមបំណងដ៏ស្មោះត្រង់ សុចរិតរបស់លោក ដើម្បីរបបប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍ ដែលមជ្ឈដ្ឋានជាតិ និងអន្តរជាតិចង់បាន៕