ប្ខេត្តពោធិ៍សាត់៖ បុរសម្នាក់បានធ្វើសកម្មភាពប្លន់ យកទ្រព្យសម្បត្ដិរបស់ប្រជាពលរដ្ឋ នៅក្នុងខេត្ដបាត់ដំបង ហើយរត់គេចខ្លួន អស់រយ:ពេលជាង១០ឆ្នាំ ទើបបែកការដឹងដល់សមត្ថកិច្ចចុះទៅឃាត់ខ្លួន កាលពីវេលាម៉ោង៨ និង០៦នាទីព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចអូររំចេក ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង។
លោកអធិការនគរបាលស្រុកវាលវែង បានឲ្យដឹងថា ជនជាប់ចោទ ដែលត្រូវចាប់ខ្លួន ឈ្មោះ រឿង និមល ។ ជននេះបានធ្វើសកម្មភាពប្លន់ កាលពីថ្ងៃទី២៩ ខែកុម្ភ: ឆ្នាំ២០០៨ នៅភូមិកណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ ប៉ុន្ដែក្រោយមក គេបានរត់គេចខ្លួន មកសំងំរស់នៅចំណុចអូររំចេក ភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោកអធិការនគរបាលស្រុកវាលវែង បានបញ្ជាក់ថា ក្រោយពេលមានករណីប្លន់បែបនេះ សមត្ថកិច្ចខេត្តបាត់ដំបង ក៏បានកសាងសំណុំរឿងតាមនីតិវិធី។ បន្ទាប់មក ចៅក្រមស៊ើបស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន(ជនជាប់ចោទ) លេខ៣៦៥ បទខ ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០៩។ ប៉ុន្ដែនៅពេលទទួលបានដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តបាត់ដំបងរួចហើយ សមត្ថកិច្ចចេះតែតាមស្វែងរកជនល្មើស អស់រយ:ពេលជាង១០ឆ្នាំ ទម្រាំចាប់ខ្លួនជនជាប់ចោទឈ្មោះ រឿង និមល នេះបាន។
ក្រោយពេលឃាត់ខ្លួនរួចមក នគរបាលស្រុកវាលវែង បានធ្វើកំណត់ហេតុ ប្រគល់ជនជាប់ចោទ ជូនមន្រ្ដីជំនាញ នៃស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលកាន់សំណុំរឿងបទល្មើស ចាត់ការតាមបន្ដ៕