ខេត្តមណ្ឌលគិរី៖ រថយន្ដដឹកម្រេចមួយគ្រឿង កំពុងបើកបរតាមផ្លូវ ស្រាប់តែឆ្លងចរន្ដអគ្គិសនី ឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១១ និង៣៥នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ នៅតាមផ្លូវលេខ៧៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៣៣-១៣៤ ស្ថិតក្នុងភូមិពូង សង្កាត់រមនា ក្រុងសែនមនោរម្យ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតគ្រោះអគ្គិភ័យនោះ គេឃើញរថយន្ដមួយគ្រឿង ម៉ាក នីស្សាន់ណាវ៉ារ៉ា ពណ៌សំបកឪឡឹក ស្លាកលេខ ភ្នំពេញ AD-9519 ដឹកម្រេច បើកបរតាមបណ្ដោយផ្លូវលេខ៧៦។ លុះពេលរថយន្ដបើកមកដល់ចំណុចខាងលើ ស្រាប់តែឃើញមានអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ធ្វើឲ្យអ្នកបើកបរឈប់រថយន្ដ ហើយបើកទ្វាររត់គេចខ្លួនដោយសុវត្ថិភាព។
មន្រ្ដីនគរបាលចរាចរណ៍ក្រុងសែនមនោរម្យ បានឲ្យដឹងថា បន្ទាប់ពីមានសេចក្ដីរាយការណ៍អំពីករណីអគ្គីឆាបឆេះរថយន្តមួយគ្រឿងនោះមក កម្លាំងការិយាល័យនគរបាលបង្ការ និងពន្លត់អគ្គិភ័យខេត្ត និងកម្លាំងអធិការដ្ឋាននគរបាលក្រុង ហើយកម្លាំងប៉ុស្ដិ៍រមនា បានសហការគ្នា បើករថយន្តចំនួន២គ្រឿង មកជួយបាញ់ទឹកពន្លត់។ នៅក្នុងអន្ដរាគមន៍នោះ សមត្ថកិច្ចប្រើប្រាស់ទឹក អស់២រថយន្ដ ទើបធ្វើឲ្យភ្លើងរលត់អស់ទៅវិញ។
សមត្ថកិច្ចដដែល បានបញ្ជាក់ថា អ្នកបើករថយន្ត ឈ្មោះ ថុង ថា ភេទប្រុស អាយុ៣៤ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិពូក្រូច ឃុំស្រែអំពូង ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ ករណីនេះ បណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី នៅនឹងក្បាលអាគុយ ទើបបង្កឲ្យគ្រោះអគ្គិភ័យបែបនេះ។ រីឯរថយន្ដ និងម្រេចប្រហែលកន្លះតោន នៅលើរថយន្ដនោះ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានណែនាំឲ្យម្ចាស់រថយន្ដ រកមធ្យាបាយមកស្ទូចរថយន្ដដែលរងការឆាបឆេះនោះ ចេញពីកន្លែងកើតហេតុ