រដ្ឋធានីជេរូសាឡឹម៖ ក្រោយពេលមើលឃើញចិនកំពុងតែរំលោភលើខ្សែបន្ទាត់ព្រំដែន (LAC) ស្ថិតក្នុងតំបន់ Ladakh នាភាគខាងកើតនោះមក អ៊ីស្រាអែលបានសម្រេចចិត្តលក់ប្រព័ន្ធព្រមាន និងគ្រប់គ្រងយន្ដហោះ (AWACS) ទៅឲ្យប្រទេសឥណ្ឌា ហើយបដិសេធការលក់ប្រព័ន្ធនេះទៅឲ្យប្រទេសចិន។
បើយោងតាម S. Alex Philip បានឲ្យដឹងថា ប្រទេសឥណ្ឌា មានតម្រូវការជាលើកដំបូងនូវប្រព័ន្ធ AWACS នៅក្នុងអំឡុងពេលមានការវាយប្រហារ តាមអាកាសជាមួយនឹងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩។ នៅពេលនោះ យន្ដហោះចម្បាំងរបស់ឥណ្ឌា បានហោះឆ្លងព្រំដែន ចូលទៅទម្លាក់គ្រាប់បែក នៅលើតំបន់ជុំវិញទីក្រុង Balakot ប្រទេសប៉ាគីស្ថាន។ ប៉ុន្ដែប៉ុន្មានថ្ងៃបន្ទាប់មក ប៉ាគីស្ថានបានព្យាយាមវាយប្រហារសងសឹកវិញ ដោយប្រតិបត្ដិការប្រព័ន្ធ AWACS ចំនួន១០គ្រឿង រហូតទទួលបានជោគជ័យ និងបានបាញ់ទម្លាក់យន្ដហោះ ប្រភេទ MiG-21 របស់ឥណ្ឌា ហើយថែមទាំងចាប់ខ្លួនកងទ័ពអាកាសឥណ្ឌា ឈ្មោះ Abhinandan Varthaman ថែមទៀតផង។ បន្ទាប់ពីមានការចរចាគ្នា ទើបប៉ាគីស្ថានប្រគល់អាកាសយានិកនោះទៅឲ្យឥណ្ឌាវិញ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩។
រហូតមកដល់ពេលនេះ គណ:កម្មាធិការស្ដីអំពីសន្ដិសុខ (CCS) របស់ឥណ្ឌា បានផ្ដល់ភ្លើងខៀវ នាំឲ្យមានកិច្ចព្រមព្រៀងទិញប្រព័ន្ធគ្រប់គ្រងដែនអាកាសនេះឡើង។ រីឯរ៉ាដាថ្មី ប្រភេទPHALCON នឹងត្រូវបំពាក់លើយន្តហោះ A-50 ផលិតដោយរុស្ស៊ី ប៉ុន្តែវាត្រូវការចំណាយ ពេលវេលា ចន្លោះពី២-៣ ឆ្នាំ សម្រាប់ធ្វើឲ្យប្រព័ន្ធនេះ អាចសម្រេចគោលដៅពេញលេញ។
ឥណ្ឌា និងចិន ត្រូវការប្រព័ន្ធ AEW&C និង AWACS យ៉ាងខ្លាំង ព្រោះវាជាប្រព័ន្ធដ៏សំខាន់បំផុត សម្រាប់ធ្វើសង្គ្រាម នាសម័យទំនើប ហើយវាអាចចាប់ និងតាមដានរាល់សកម្មភាពរបស់យន្ដហោះចម្បាំងរបស់សត្រូវ ដែលចូលមក ក្នុងដែនអាកាសរបស់ខ្លួន។
ដោយឡែកប្រទេសចិនវិញ ក៏មានប្រព័ន្ធ AWACS ជាច្រើនគ្រឿងដែរ រួមមាន Kong Jing-2000 (KJ-2000) ចំនួន៤, KJ-200 ចំនួន៤, និង KJ-500 ចំនួន២គ្រឿង។ ប៉ុន្ដែបើយោងតាម Grp Captain RS Chhatwal បានឲ្យដឹងថា ប្រព័ន្ធ AWACS របស់ចិន ប្រើប្រាស់បច្ចេកវិទ្យា AESA ដែលជាបច្ចេកវិទ្យានាំមុខជាង AWACS ផលិតដោយអាមេរិក និងរុស្ស៊ី។ បើទោះជាយ៉ាងនេះក្ដី ទាំងប្រទេសចិន និងឥណ្ឌាកំពុងតែត្រូវការ AWACS ពីអ៊ីស្រាអែល ដើម្បីបម្រើការលើវិស័យការពារជាតិរបស់ខ្លួន។
យោងតាមលោក Harinder Mishra ជាអ្នកកាសែត រស់នៅក្នុងក្រុងជេរូសាឡឹម បានឲ្យដឹងថា ឥណ្ឌា និងអ៊ីស្រាអែលបានចុះកិច្ចព្រមព្រៀងមួយ លើកការទិញអាវុធ មានតម្លៃ២ពាន់លានដុល្លារអាមេរិក ដោយរួមទាំងផែនការផលិតរួមគ្នា ផ្គត់ផ្គង់អាវុធ និងសម្ភារសម្រាប់វិស័យការពារជាតិផងដែរ។ ប៉ុន្ដែក្រោយមានភាពតានតឹងដាក់គ្នា រវាងចិន និងឥណ្ឌា អ៊ីស្រាអែលបានផ្គត់ផ្គង់ AWACS ចំនួន៣គ្រឿងដល់ទីក្រុងញូវដេលី (ឥណ្ឌា) សម្រាប់តាមដានរាល់សកម្មភាពយន្ដហោះចម្បាំង។
ដោយឡែកកិច្ចព្រមព្រៀង រវាងអ៊ីស្រាអែល និងចិន វិញ ត្រូវបានអាមេរិកដាក់សម្ពាធលើអ៊ីស្រាអែល ឲ្យទាត់ចោលកិច្ចព្រមព្រៀងលើប្រព័ន្ធ AWACS ជាមួយនឹងប្រទេសចិន ដោយសារយន្ដហោះឈ្លបយកការណ៍ នឹងផ្ដល់យុទ្ធសាស្រ្ដឈានមុខដល់ចិន ជុំវិញការប្រឈមមុខជាមួយនឹងកោះតៃវ៉ាន់៕