រដ្ឋធានីតៃប៉ិ៖ ស្ថានការណ៍ចុងក្រោយ នៅតំបន់សមុទ្រចិនខាងត្បូង កំពុងវិវឌ្ឍទៅរកភាពតានតឹងកាន់តែខ្លាំងឡើង រវាងចិន និអាមេរិក ហើយរដ្ឋាភិបាលប៉េកាំងនៅតែគំរាមកំហែងទៅលើរដ្ឋាភិបាលទីក្រុងតៃប៉ិ អំពើការប្រើប្រាស់កម្លាំងយោធា ដើម្បីកម្ទេចដែនកោះមួយនេះ ប្រសិនបើប្រកាសឯករាជភាព ផ្ដាច់ចេញពីប្រទេសចិន ប៉ុន្ដែដោយសារបញ្ហានេះ ទើបរដ្ឋាភិបាលទីក្រុងវ៉ាស៊ីតោន បានសម្រេចផ្គត់ផ្គង់យន្ដហោះដ៏ទំនើបចុងក្រោយរបស់ខ្លួន ប្រភេទ F-16 ដល់ដែនកោះមួយនេះ ដើម្បីការពារខ្លួន។
ការផ្គត់ផ្គង់យន្ដហោះ F-16 ចុងក្រោយរបស់អាមេរិក ដល់រដ្ឋាភិបាលតៃប៉ិនេះ រឹតតែធ្វើឲ្យស្ថានការណ៍តានតឹងខ្លាំងឡើងបន្ថែមទៀត រវាងតៃវ៉ាន់ និងចិន ហើយរដ្ឋាភិបាលទីក្រុងប៉េកាំង ក៏បានថ្កោលទោសចំពោះសកម្មភាពរបស់អាមេរិកផងដែរ។ ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ អាមេរិកបានអះអាងថា ការផ្គត់ផ្គង់យន្ដហោះចម្បាំងដ៏ទំនើបរបស់អាមេរិកដល់ដែនកោះនេះ ក៏ដើម្បីឲ្យកងទ័ព នៃដែនកោះនេះអាចរក្សា និងការពារដែនអធិបតេយ្យភាពរបស់ខ្លួន។
ជាមួយគ្នានេះ លោកស្រី សៃ អ៊ីវ៉ិន ប្រធានាធិបតីកោះតៃវ៉ាន់ បានអះអាងថា លោកស្រីនឹងការពារដែនកោះនេះឲ្យខាងតែបាន ដោយមិនឲ្យធ្លាក់ទៅក្រោមកណ្ដាប់ដៃរបស់ចិនប៉េកាំងនោះឡើយ។ លោកស្រី បានថ្លែងបែបសើចចំអកដាក់ទីក្រុងប៉េកាំងវិញថា តៃវ៉ាន់ចង់បានសន្ដិភាពជាមួយនឹងទីក្រុងប៉េកាំង ក្នុងឋាន:ជាប្រទេសមួយ ហើយមានការគោរពនូវដែនអធិបតេយ្យភាពគ្នាទៅវិញទៅមក។
ស្របតាមការអះអាងរបស់លោកស្រីប្រធានាធិបតី សៃ អ៊ីវ៉ិន នោះ កោះតៃវ៉ាន់ កាលពីពេលថ្មីនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់អាមេរិក Lokheed Martin នូវទឹកប្រាក់ចំនួន៦២ពាន់លានដុល្លារអាមេរិក។ បើតាមកិច្ចព្រមព្រៀងទិញលក់គ្រឿងសឹកនោះ កោះតៃវ៉ាន់នឹងទទួលបានយន្ដហោះដ៏ទំនើប ប្រភេទ F-16 Viper ចំនួន៦៦គ្រឿង ហើយនៅឆ្នាំ២០២៦ នឹងទទួលបានយន្ដហោះជាង២០០គ្រឿងបន្ថែមទៀត។
ការលក់គ្រឿងចម្បាំងទៅឲ្យកោះតៃវ៉ាន់នេះ រឹតតែធ្វើឲ្យទីក្រុងប៉េកាំង កាន់តែខឹងសម្បាយ៉ាងខ្លាំង ហើយរឹតតែធ្វើឲ្យភាពតានតឹងនៅលើបញ្ហាសមុទ្រចិនខាងត្បូងកាន់តែខ្លាំងឡើងបន្ថែមទៀត។ រហូតមកដល់ពេលនេះ ចិនកំពុងតែមានជម្លោះជាមួយនឹងប្រទេសឥណ្ឌា លើបញ្ហាព្រំដែន រវាងប្រទេសទាំង២ ។ រីឯជម្លោះព្រំដែននោះមិនទាន់ទាំងបានបញ្ចប់ផង តែចិនបន្ដបង្កជម្លោះជាមួយនឹងបណ្ដាប្រទេសនានា នៅក្នុងដែនសមុទ្រចិនខាងត្បូង និងដាក់សម្ពាធទៅលើកោះតៃវ៉ាន់បន្ថែមទៀត។ ដោយសារការវាតទីរបស់ចិន ជំរុញឲ្យអាមេរិកលូកដៃចូល នៅក្នុងដែនសមុទ្រចិនខាងត្បូង ក្រោមហេតុផលថា អាមេរិកមានសេរីភាព ធ្វើនាវាចរណ៍លើដែនទឹក តាមស្របតាមច្បាប់អន្ដរជាតិ៕