រដ្ឋធានីញូវដេលី៖ ក្រោយការកើតមានជម្លោះព្រំដែនជាមួយនឹងប្រទេសចិន រហូតឈានដល់ការវាយប្រហារគ្នា បណ្ដាលឲ្យកងទ័ពឥណ្ឌាស្លាប់២០នាក់ និងភាគីចិនស្លាប់៤៣នាក់នោះមក មេដឹកនាំឥណ្ឌា តែងតែស្វះស្វែង រកទិញយន្ដហោះចម្បាំងទំនើបៗ មកពីលោកខាងលិច សម្រាប់ទប់ទល់នឹងមហិច្ឆតាឈ្លានពានរបស់ចិន ប៉ុន្ដែនៅពេលនេះ ឥណ្ឌារឹតតែដំឡើងឫទ្ធិរបស់ខ្លួនបន្ថែមទៀត ដោយសម្រេច លក់មីស៊ីល មានល្បឿនលឿនជាងសំឡេងទៅឲ្យប្រទេសជាមិត្តថែមទៀតផង។
បើយោងតាមគេហទំព័រ Defenceaviationpost បានចេញផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ថា រហូតមកដល់ពេលនេះ រដ្ឋាភិបាលឥណ្ឌាបានសម្រេចជាផ្លូវការហើយ ក្នុងការលក់មីស៊ីលមានល្បឿនលឿនជាងសំឡេងដ៏ទំនើបរបស់ខ្លួន ប្រភេទ BrahMos ទៅឲ្យបណ្ដាប្រទេសជាមិត្ត។
ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននោះ អគ្គនាយកក្រុមហ៊ុន BrahMos Aerospace លោក Praveen Pathak បានថ្លែង នៅក្នុងវេទិកាកងទ័ពរុស្ស៊ី-២០២០ ថា រហូតមកដល់ពេលនេះ មានប្រទេសជាច្រើន កំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង នៅក្នុងការទិញមីស៊ីល BrahMos ដ៏ទំនើបនេះ។ រីឯមីស៊ីលមានល្បឿនលឿនជាងសំឡេងនេះ ផលិតឡើងដោយក្រុមហ៊ុន BrahMos Aerospace ក្រោមកិច្ចសហការគ្នា រវាងឥណ្ឌា និងរុស្ស៊ី។ ចំណែកការលក់មីស៊ីល BrahMos ទៅឲ្យប្រទេសជាដៃគូនោះ ក៏មានការយល់ព្រមពីរុស្ស៊ី ផងដែរ។
ក្រុមហ៊ុន BrahMos Aerospace នេះ ត្រូវបានបង្កើតឡើង នៅអំឡុងឆ្នាំ១៩៩៨ ដោយមានការសហការជាមួយនឹងក្រុមហ៊ុនអភិវឌ្ឍន៍រ៉ុក្កែត និងមីស៊ីលរបស់រុស្ស៊ី NPO Mashinostroyeniya និងអង្គការស្រាវជ្រាវ និងអភិវឌ្ឍន៍លើវិស័យការពារជាតិរបស់ឥណ្ឌា។ មីស៊ីល BrahMos នេះ ត្រូវបានគេចាត់ទុកថា ជាប្រភេទមីស៊ីលប្រឆាំងនឹងនាវា មានល្បឿនលឿនបំផុត នៅលើពិភពលោក។
ឥណ្ឌា បានបំពាក់មីស៊ីលដ៏ទំនើបប្រភេទនេះដល់កងទ័ពរបស់ខ្លួន។ មីស៊ីល BrahMos អាចបាញ់ចេញពីលើដីទៅអាកាស ឬបាញ់ពីលើអាកាសទៅលើអាកាស និងបាញ់ចេញពីលើនាវា។ កន្លងមក ប្រទេសហ្វីលីពីន ក៏បានបញ្ជាទិញមីស៊ីល BrahMos នេះ បំពាក់ដល់កងទ័ពរបស់ខ្លួន សម្រាប់ទប់ទល់នឹងការឈ្លានពានរបស់ចិន នៅក្នុងដែនសមុទ្រចិនខាងត្បូងផងដែរ៕