រដ្ឋធានីបូហ្គាតា៖ ស្ថានភាពចុងក្រោយនេះ ប្រទេសកូឡុំប៊ី និងវេណេហ្ស៊ុយអេឡា កំពុងតែ ឡើងកម្ដៅ កាន់តែខ្លាំងឡើង ហើយរដ្ឋាភិបាលទីក្រុងបូហ្គាតបានចោទប្រកាន់របបគ្រប់គ្រង នៅអាមេរិកឡាទីនមួយនេះ កំពុងស្វះស្វែងរកការទិញមីស៊ីល ពីអ៊ីរ៉ង់ និងផ្គត់ផ្គង់អាវុធដល់កងទ័ពព្រៃ ទើបកូឡុំប៊ី រៀបចំផែនការត្រៀម វាយប្រហារប្រទេសនេះ។
បើតាមបណ្ដាញផ្សព្វផ្សាយ នៅតំបន់មជ្ឈិមបូព៌ា (AMN) បានផ្សាយ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ថា លោកឧត្ដមនាវី Remigio Ceballos មេបញ្ជាការ នៃបញ្ជាការដ្ឋានប្រតិបត្ដិការកងទ័ពវេណេហ្ស៊ុយអេឡា (CEOFANB) បានថ្លែង កាលពីចុងសប្ដាហ៍មុនថា កងទ័ពប្រទេសកូឡុំប៊ី កំពុងរៀបចំផែនការ វាយប្រហារមកលើប្រទេសវេណេហ្ស៊ុយអេឡា។ ការវាយប្រហារបែបនេះ វាជាការធ្ងន់ធ្ងរបំផុត នៅក្នុងប្រវត្ដិសាស្រ្ដ។ អ្វីដែលប្រជាពលរដ្ឋវេណេហ្ស៊ុយអេឡា បានធ្វើ គឺទទួលបានមកវិញនូវការវាយប្រហារជាបន្ដបន្ទាប់ពីរដ្ឋាភិបាលកូឡុំប៊ី។
រដ្ឋមន្រ្ដីការពារជាតិកូឡុំប៊ី លោក Carlos Holmes Trujillo ចោទប្រកាន់កងទ័ពប្រទេសវេណេហ្ស៊ុយអេឡា អំពីការផ្គត់ផ្គង់គ្រឿងសព្វាវុធដល់ក្រុមទ័ពព្រៃ។ ការលើកឡើងរបស់រដ្ឋមន្រ្ដីការពារជាតិខាងលើនេះ ស្របនឹងប្រធានាធិបតីកូឡុំប៊ី លោក Ivan Duque ចោទប្រកាន់ប្រទេសវេណេហ្ស៊ុយអេឡា កំពុងស្វះស្វែងរកទិញមីស៊ីល ពីប្រទេសអ៊ីរ៉ង់។
ប្រធានាធិបតីកូឡុំប៊ី បានអះអាងថា វេណេហ្ស៊ុយអេឡា កំពុងតែផ្គត់ផ្គង់ឲ្យអាវុធផលិត ដោយរុស្ស៊ី និងបេឡារុស ដល់កងកម្លាំងទ័ពព្រៃ នៅក្នុងប្រទេសកូឡុំប៊ី ដោយរួមទាំងមីស៊ីលរបស់អ៊ីរ៉ង់ ផងដែរ។
ផ្ទុយពីការចោទប្រកាន់ខាងលើនេះ ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ក៏បានសើចចំអកដាក់សមភាគីរបស់លោកទៅវិញ។ ភាពតានតឹង រវាងកូឡុំប៊ី និង វេណេហ្ស៊ុយអេឡា នៅតែមានកម្រិតខ្ពស់ ជុំវិញការគាំទ្រដល់អតីតមេដឹកនាំប្រឆាំង លោក Juan Guaido និង ទាហានស៊ីឈ្នួលអាមេរិក ត្រូវបានចាប់ខ្លួន ក្រោមការចោទប្រកាន់ ពីការឆ្មក់ចូលចាប់ប្រធានាធិបតី លោក Maduro នាំទៅសហរដ្ឋអាមេរិក៕