ស្ដ្រីម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោមការចោទប្រកាន់ពីបទ «សញ្ចារកម្ម» ល្បួងក្មេងស្រីនាំទៅលក់ឲ្យអ្នកមានលុយ ដែលគេនិយមហៅ «តាតា» សម្រាប់បម្រើតណ្ហា ហើយបញ្ជូនទៅកាន់តុលាការ ដើម្បីចោទប្រកាន់តាមផ្លូវច្បាប់ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០។
មន្ត្រីនគរបាលខេត្តប៉ៃលិន បានប្រាប់ឲ្យដឹងថា ជនសង័្សយឈ្មោះ ឡុង យ៉ា អាយុ២៨ឆ្នាំ មុខរបរកោសជប់ ជ្រកកោនក្រោមស្លាក ផ្ទះសំណាក់ « LSC » ស្ថិតក្នុងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រីឯជនរងគ្រោះទាំង៥នាក់នោះ រួមមាន ទី១-ឈ្មោះ ញ រ ន អាយុ១៦ឆ្នាំ, ទី២-ឈ្មោះ ហ ស ថ អាយុ១៦ឆ្នាំ, ទី៣-ឈ្មោះ ឃ រ ស អាយុ១៦ឆ្នាំ, ទី៤-ឈ្មោះ ហ ស ដ អាយុ១៧ឆ្នាំ និងទី៥-ឈ្មោះ អ ស ឡ អាយុ១៧ឆ្នាំ ទាំងអស់គ្នា រស់នៅភូមិផ្សារព្រំ ក្រុងប៉ៃលិន ។
មន្រ្ដីនគរបាលខេត្តប៉ៃលិន បានបញ្ជាក់ថា ជនជាប់ពាក់ព័ន្ធ ជាមុខសញ្ញាចាស់ ប្រព្រឹត្តបទល្មើសជាបន្តបន្ទាប់ ត្រូវសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ក្រោយពេលឃាត់ខ្លួន ជនសង័្សយខាងលើ ត្រូវបានកម្លាំងការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០៕