ខេត្តប៉ៃលិន: បុរស២នាក់ពូ និងក្មួយ បានព័ទ្ធវង់ផឹកស៊ី ជល់កែវគ្នាចុះឡើង ក៏ទាស់ពាក្យសម្ដី គ្នា ស្រាប់តែក្មួយទាញពូថៅកាប់ឪពុកមា បណ្ដាលឲ្យរងរបួសធ្ងន់ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ នៅក្នុងផ្ទរបស់ឈ្មោះ វើយ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។
ប្រភពព័ត៌មាន បានឱ្យដឹង ជនរងគ្រោះ ឈ្មោះ ពក ពឿន ភេទប្រុស អាយុ៦៥ឆ្នាំ (រងរបួសផុងលលាដ៍) មុខរបរជាកម្មករ មានទីលំនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។ រីឯជនបង្ក ឈ្មោះ ពៅ ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ មានទីលំនៅក្នុងភូមិជាមួយគ្នា ។
ប្រភពព័ត៌មានដដែល បានបន្ដថា មុនពេលកើតមាននូវអំពើហិង្សានោះ ជនរងគ្រោះ និងជនសង័្សយ បានអង្គុយផឹកស៊ីជាមួយគ្នា។ លុះពេលពួកគេស្រវឹង ក៏ទាស់ពាក្យសម្ដីគ្នា ហើយជនបង្កបានយកពូថៅទៅទុកនៅផ្ទះរបស់ឈ្មោះ វើយ ។ ប៉ុន្ដែនៅពេលជនរងគ្រោះដើរទៅជិត ស្រាប់តែជនសង័្សយទាញពូថៅកាប់ប្រហារទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៣កន្លែង (ផុងលលាដ៍ក្បាល)។ បន្ទាប់មក ជនសង័្សយបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុ សាច់ញាតិបានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។ ចំណែកជនសង័្សយ កំពុងស្ថិតក្រោមការតាមចាប់ខ្លួនរបស់សមត្ថកិច្ច៕