ភ្នំពេញ៖ មន្ត្រីនគរបាល ៣នាក់ ពាក់ព័ន្ធនិងប្រតិបត្តិ ការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន កាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នោះ ត្រូវបានបញ្ជូន ទៅអង្គភាពតម្រួត បទបញ្ជារដើម្បីដាក់ ពិន័យរបស់ កងកម្លាំងនគរបាលជាតិ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង២០នឹង០០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀននៅចំណុចតាមផ្លូវបេតុង ខាងក្រោភោជនីយដ្ឋានម្លិះ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
អំឡុងពេលប្រតិបតិបត្តិការជំនាញមាន ជនសង្ស័យមួយក្រុមមានគ្នា ៣នាក់ បានប្រព្រឹត្តអំពើហិង្សា ដោយប្រើមួកសុវត្ថិភាព វាយមកលើសមត្ថកិច្ច ខណៈនោះសមត្ថកិច្ចបានប្រើប្រាស់សិទ្ធិការពារខ្លួន ទប់ទល់សភាពការណ៍ដើម្បីអនុវត្តភារកិច្ច និងឈានដល់ចាប់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ផាត់ សុវណ្ណរ៉េត ភេទប្រុស ឆ្នាំកំណើត១៩៩៤ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខM៧២ ផ្លូវលេខ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រីឯជនសង្ស័យចំនួន២នាក់ទៀតបានរត់គេចខ្លួន ៕