កំពង់ធំ៖ យ៉ាងហោចណាស់ក៏មានប្រជាពលរដ្ឋប្រមាណជា៦៣គ្រួសារ ដែលមានសមាជិកសរុបជិត ៣០០នាក់ កំពុងកាន់កាប់ និងប្រើប្រាស់ដីធ្លី នៅភូមិតាម៉ី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្តឹងចោទប្រកាន់លើឈ្មោះ សាយ គឹមឡម ភេទប្រុស អាយុ៥៣ឆ្នាំ, ឈ្មោះ ស៊ឹង ផល្លា ភេទស្រី អាយុ ៤៣ឆ្នាំ និងឈ្មោះ សូត្រ អ៊ុល ភេទប្រុស អាយុ ៧៨ឆ្នាំ ពីបទ៖ ប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដោយសំអាងហេតុថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ ឈ្មោះ សាយ គឹមឡម និងឈ្មោះ សូត្រ អ៊ុល ធ្លាប់បានយកគ្រឿងចក្រចំនួន០៧គ្រឿងទៅឈូសឆាយយកដីរបស់ពួកគាត់ខាងលើដោយប្រើប្រាស់កម្លាំងនគរបាល និងកងរាជអាវុធហត្ថមករារាំង និងគំរាមកំហែងថាចាប់ពួកគាត់ដាក់គុកថែមទៀត។ លុះដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឈ្មោះសាយ គឹមឡម,ឈ្មោះស៊ឹង ផល្លា និងឈ្មោះសូត្រ អ៊ុល បានធ្វើឯកសារកាន់កាប់ចំនួន០២សន្លឹកទាក់ទងនិងដីទំហំ៥ហិកតា និង៧ហិកតា ស្ថិតនៅចំណុចកន្សុំអក ភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងពាក្យស្នើសុំចាត់បញ្ជូនក្រុមការងារចុះពិនិត្យទីតាំងចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២១របស់ឈ្មោះ សាយ គឹមឡម, ឈ្មោះ ស៊ឹង ផល្លា ដើម្បីធ្វើឯកសារកាន់កាប់ដីវិវាទខាងលើនេះ ហើយនៅលើឯកសារនោះក៏មានចុះហត្ថលេខាដោយមេភូមិតាម៉ើ ឈ្មោះ មិន ឆៃ ប៉ុន្តែលោកមិន ឆៃ មេភូមិតាម៉ើបញ្ជាក់យ៉ាងច្បាស់ថាគាត់មិនដែលបានចុះហត្ថលេខានោះទេ គឺពិតជាឈ្មោះ សាយ គឹមឡម និងឈ្មោះ ស៊ឹង ផល្លា ជាអ្នកធ្វើបន្លំ។ នេះបើតាមប្រភពដែលបណ្ដាញសារព័ត៌មានយើងទទួលបានកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅនេះ ។
បើតាមលោក ប៊ុន សេងហាប់ ហៅធឿន បានប្រាប់ឲ្យបណ្ដាញសារព័ត៌មានកាលពីថ្ងៃទី១៩ ខែឧសភាថា កាលពីដើមឡើយលោក សាយ គឹមឡម មិនទាន់មកធ្វើជាអភិបាលស្រុកស្ទោងនៅឡើយទេ គឺគាត់នៅមន្ទីរសង្គមកិច្ចដោយលោកមិនបានដឹងថា គាត់ជា មន្ត្រី ឬជាអ្វីនោះទេ លោកដឹងត្រឹមតែថា គាត់នៅមន្ទីរសង្គមកិច្ចរបស់ស្រុកយើង។ លោកថា បើតាមដំណើររឿងហ្នឹងវាកើតឡើងយូរណាស់ហើយ ប៉ុន្តែបើតាមលោកដឹងច្បាស់គឺនៅឆ្នាំ២០១៤ ប៉ុន្តែយ៉ាងណានោះលោកមិនបានដឹងថា តើអ្នកណាជាអ្នកឲ្យដីនោះទៅគាត់នោះទេ ស្រាប់តែគាត់មកឈូសឆាយ ហើយតាំងពីដំណើរការឈូសឆាយនោះ ពលរដ្ឋអត់ព្រមទេ ព្រោះដីហ្នឹងប្រជាពលរដ្ឋពីដើមមកធ្លាប់បានធ្វើស្រែនៅលើដីហ្នឹង ព្រោះជាដីដែលពលរដ្ឋបានកាប់ព្រៃរិករឹល និងបានកាប់ចំការនៅក្រោយៗហ្នឹង ដោយពីដើមមកពួកគាត់ធ្លាប់ធ្វើជាមួយនឹងចប និងគោ។ ស្រាប់តែនៅអំឡុងឆ្នាំ២០១៣ ឆ្នាំ២០១៤ គេចេញសេក្ដីប្រកាសថា លែងឲ្យប្រជាពលរដ្ឋធ្វើស្រែអាស្រ័យផលនិងឈប់ទៅកាប់ព្រៃនោះទៀត ដោយសំអាងថាព្រៃរិករឹល និងព្រៃជម្រកសត្វ។ តាំងពីនោះមក ប្រជាពលរដ្ឋក៏លែងហ៊ានទៅធ្វើស្រែអាស្រ័យផលទៀតដែរ។ ស្រាប់មានឈ្មោះ សាយ គឹមឡម អះអាងថាជាម្ចាស់ដី ហើយបច្ចុប្បន្នមានតួនាទីជាអភិបាលស្រុកស្ទោង និងបានធ្វើការឈូសឆាយ ប៉ុន្តែប្រជាពលរដ្ឋប្រមាណជា៥០គ្រួសារជាងក៏បាននាំគ្នាមកទប់ស្កាត់និងបានហាមឃាត់មិនឲ្យឈូសឆាយនោះទេ។ នេះបើតាមការអះអាងរបស់លោក ប៊ុន សេងហាប់។
បើតាមលោក មិន ឆៃ អតីតមេភូមិតាម៉ើ មានអាយុ៧៤ឆ្នាំបានប្រាប់ឲ្យដឹងដែរថា លោកបានមករស់នៅក្នុងភូមិតាម៉ើនៅឆ្នាំ២០០២ បន្ទាប់ពីគាត់មានគ្រួសារ ហើយត្រូវបានគេលើកឲ្យធ្វើជាមេភូមិតាម៉ើតាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០២៣។ លោកបន្តថា បន្ទាប់ពីលោកបានមករស់នៅក្នុងភូមិតាម៉ើប៉ុន្មានឆ្នាំ លោកបានឃើញប្រជាពលរដ្ឋបាននាំកាប់ចម្ការ ដាំស្រូវ អាស្រ័យផលលើដីនោះ តាំងពីកន្លែងកប់ខ្មោចក៏មានដែរ។ លោកបន្តថា ស្រាប់តែមានឈ្មោះ សាយ គឹមឡម មានដី៤ហិកតា ហើយដាំដើមអាកាស្យា ហើយប្រជាពលរដ្ឋក៏ទៅស៊ីឈ្នួលដាំដើមអាកាស្យាឲ្យគាត់ថែមទៀតផង ហើយកន្លងមកក៏ស្ងាត់ស្ងៀមទៅ ប្រជាពលរដ្ឋក៏អត់ថាអីដែរ។ រហូតដល់ឆ្នាំ២០១៤ គាត់មកវាទីយកដី ប្រជាពលរដ្ឋប៉ុន្មានហិកតាថែមទៀត ហើយគេយកគ្រឿងចក្រមកឈូសឆាយ ក៏ធ្វើឲ្យប្រជាពលរដ្ឋចាប់ផ្ដើមប្រតិកម្មដេញឡាន ដេញអាត្រាក់ទ័ររត់បាត់អស់ទៅទៀតផង។
ក្រោយមកទៀតពលរដ្ឋក៏បាននាំគ្នាប្ដឹងទៅលោកមេឃុំ រឿងលោក សាយ គឹមឡម វាទីយកដីរបស់គាត់ ប៉ុន្តែមេឃុំអត់ដោះស្រាយឲ្យនោះទេ មិនត្រឹមតែប៉ុណ្ណោះ លោកមេឃុំបែរជាប្ដឹងគាត់ ហើយលោក សាយ គឹមឡម ក៏ប្ដឹងដែរ ថាគាត់បានចុះហត្ថលេខាលើឯកសារសុំកាន់កាប់ដី ប៉ុន្តែលោកបានអះអាងថា លោកមិនបានចុះហត្ថលេខានោះទេ។
អតីតមេភូមិតាម៉ើរូបនេះបានអះអាង ប្រជាជនប្ដឹងជំទាស់រឿងដីធ្លីនេះ តាំងឆ្នាំ២០១៤ រឿងអីលោកទៅចុះហត្ថលេខា បើលោកគាំទ្រប្រជាពលរដ្ឋនោះ។ លោកបន្តថា លោកក៏ធ្លាប់ត្រូវបានលោក សាយ គឹមឡម គំរាមគំហែងថា ចាប់លោកយកទៅដាក់គុក ប៉ុន្តែលោកចេះដោះខ្លួនរួច។ លោកអះអាងទៀតថា បើលោកជាប់គុក ប្រជាពលរដ្ឋទាំងនេះ មិនបានដីនោះទេ មកពីលោករឹង។ លោកបន្តថា ស្រាប់តែនៅឆ្នាំ២០២៣គេថា គេមានក្រដាសមួយសន្លឹកដែលមានឈ្មោះ ផល ភួន មេភូមិចាស់មុនលោកបានស៊ីញ៉េលក់ដី អោយ ប៉ុន្តែតាំងឆ្នាំ២០១៤មក មិនដែលមានទេ អាក្រដាសទិញលក់នោះ។ ស្រាប់នៅឆ្នាំ២០២៤ គេថាមានច្បាប់មួយទៀតគឺច្បាប់ឈូសឆាយចេញពីមេព្រៃ ដែលវាអត់សមហេតុផលទាល់តែសោះ។ អតីតមេភូមិតាម៉ើរូបនេះក៏បានសុំណូមពរដល់ថ្នាក់ដឹកនាំមេត្តា ជួយអន្តរាគមន៍ នៅក្នុងរឿងរ៉ាវនេះផង ។
ដោយឡែកលោកស្រី សាយ ណាត អាយុ៦៤ឆ្នាំ បានប្រាប់ឲ្យដឹងថា គាត់ជាប្រជាជននៅភូមិតាម៉ើនេះ តាំងពីកើតពីពោះម៉ែមកម៉្លេះ។ លោកស្រីបានស្គាល់កេរ្តិ៍ដូនតារបស់លោកស្រីទាំងអស់ ខណៈកាលពីអំឡុងឆ្នាំ២០០០ ប្រជាពលរដ្ឋបានមកកាប់ចម្កាវិលជុំគឺមិនមានអ្នកណាមកទាស់ទែងអ្វីទាំងអស់នៅព្រៃកន្សុំអកនេះ។
លោកស្រីបានបញ្ជាក់ឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៤ មានតាំងពីប៉េអឹម ទាំងសន្តិសុខ ទាំងមេឃុំ ពិសេសប៉េអឹមបានមកចាប់ឃាត់ខ្លួនគាត់មុនដំបូងគេបង្អស់ យកទៅដាក់កន្លែងប៉ុស្តិ៍ប៉េអឹម បន្ទាប់មកក៏ចាប់៥នាក់ទៀត។ ប៉ុន្តែដោយសារមានប្រជាពលរដ្ឋបើកគោយន្តកន្រ្តៃឆ្លងកាត់ព្រោងព្រាតគេក៏ដោះលែងគាត់វិញបន្ទាប់ពីឃាត់ខ្លួនបានមួយថ្ងៃតែ ប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងដែរថា កាលពីឆ្នាំ២០១៤ នៅភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ មានឈ្មោះ សាយ គឹមឡម,ឈ្មោះ ស៊ឹង ផល្លា និងឈ្មោះ សូត្រ អ៊ុល បានបន្លំហត្ថលេខារំលោភយកដីចំការ ដែលដីនោះដែរគឺជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ បន្ទាប់មកអ្នកទាំង៣នាក់ខាងលើនេះ បានឲ្យត្រាក់ទ័រទៅភ្ជួរ និង ឈូសឆាយនៅលើដីចំការ ជាដីរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិតាម៉ើ ដែលមានទំហំចំនួន៧ហិចតា។ ចំពោះដីចំការនោះដែរ គឺជាដីកេរ្តិ៍ដូនតារបស់អ្នកភូមិចំនួ៤៩គ្រួសារដែលបានធ្វើការបង្កបង្កើនផលជារៀងរាល់ឆ្នាំ ។ ហើយចំពោះដីចំការនោះដែរ គឺមិនទាន់មានប្លង់រឹង ឬលិខិតបញ្ជាក់អ្វី នោះទេ ប៉ុន្តែពីដើមមកជាកម្មសិទ្ធិកេរ្តិ៍ដូនតារបស់អ្នករស់នៅភូមិតាម៉ើចំនួន៥០គ្រួសារជាងតាំងពីយូរណាស់មកហើយ ។ជាមួយគ្នានោះប្រជាពលរដ្ឋក៏បានសំណូមពរ ដល់ប្រមុខថ្នាក់ដឹកនាំ មេត្តាជួយរកយុត្តិធម៌ឲ្យពួកគាត់ទាំងជាង៥០គ្រួសារ ដែលរស់នៅភូមិតាម៉ី ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយក្តីអនុគ្រោះផងចុះ៕