ភ្នំពេញ: នៅវេលាម៉ោង០២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីធ្វើសកម្មភាពលួចគាស់ស្លាកលេខរថយន្តប្រជាពលរដ្ឋ ចតនៅលើចិញ្ចើមផ្លូវ ទីតាំងកើតហេតុ ស្ថិតត្រង់ចំណុច ក្បែរផ្ទះសំណាក់ ABC ផ្លូវលំ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ ថៃ ប៊ុនថឿន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ ។ករណីខាងលើនេះ មុននឹងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនោះ កម្លាំងសមត្ថកិច្ចបានធ្វើការជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្រ ដើម្បីទប់ស្កាត់ និងកាត់បន្ថយបទល្មើស ដែលអាចកើតឡើង ដោយប្រការណាមួយ ។ លុះពេលកម្លាំង សមត្ថកិច្ចជិះល្បាតដល់ត្រង់ចំណុចកើតហេតុ ដែលមានសភាពស្ងាត់ កម្លាំងសមត្ថកិច្ចល្បាត ក៏បានប្រទះឃើញជនសង្ស័យ កំពុងឈរធ្វើសកម្មភាព គាស់ស្លាកលេខរថយន្ត មួយគ្រឿងម៉ាក តូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BG-4492 ដែលម្ចាស់បានចតទុកនៅលើចិញ្ចើមផ្លូវមុខផ្ទះ ។ ខណ:ពេលនោះ កម្លាំងសមត្ថកិច្ចបានធ្វើការអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យខាងលើ ថែមទាំងដកហូតឧបការណ៍ សម្រាប់ដោះខ្ចៅចំនួន០២ថែមទៀតផង ។បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូបែកក្អម ដើម្បី កសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕