រាជធានីភ្នំពេញ ៖ ទីបំផុត ម្ចាស់រថយន្តស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MENG.007 ដែលខុសច្បាប់ចរាចរណ៍ចតរថយន្តកន្លែងស្លាកសញ្ញាហាមឃាត់ នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន ត្រូវសមត្ថកិច្ចចាក់សោទុក ហើយម្ចាស់រថយន្តមកគាស់បំបែក រួចបើកចេញទៅបាត់យ៉ាងរំភើយ ធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ។
លុះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម្ចាស់រថយន្តនេះ ឈ្មោះ ផ្លង រ៉ាយុទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៩១២ ផ្លូវលេខ២BT ភូមិសន្សំកុសល១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចូលខ្លួនមកសុំទោសនិងទទួលផាកពិន័យចំពោះមុខច្បាប់។នៅចំពោះមុខសមត្ថកិច្ច ម្ចាស់រថយន្តទំនើប មានចិត្តទំនើងមិនគោរពច្បាប់ខាងលើ បានសន្យាចំពោះមុខសមត្ថកិច្ចថា ៖ ទី១-ឈប់ចតរថយន្តខុសច្បាប់លើដងផ្លូវសាធារណៈដែលមានផ្លាកសញ្ញាហាមចតនិងផ្លូវទៀតហើយ។ ទី២-ខ្ញុំនឹងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក។ ទី៣-សន្យាមិនអោយខុសច្បាប់ជាលើកទី ២ ទៀតឡើយ ព្រមទាំងបានធ្វើការផ្ដិតមេដៃខាងស្ដាំ ដើម្បីជាភស្តុតាងទៀតផង ។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣ កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។សមត្ថកិច្ច បានឲ្យដឹងថា រថយន្តស៊េរីទំនើប ដែលចតចោលគ្មានសណ្តាប់ធ្នាប់នេះ ពណ៌ខ្មៅ ពាក់ស្លាកលេខកម្ពុជា MENG.007 ដែលចតខុសច្បាប់ចរាចរណ៍ គឺចតនៅកន្លែងផ្លាកសញ្ញាហាមឃាត់ រួចសមត្ថកិច្ចបានយកសោទៅចាក់ តែម្ចាស់រថយន្តព្យាយាមគាស់បំបែកនិងបើកចេញទៅបាត់យ៉ាងរំភើយ។
សមត្ថកិច្ចបញ្ជាក់ថា ពេលនេះ សមត្ថកិច្ចខណ្ឌចំការមន ប្រកាសឲ្យម្ចាស់រថយន្តខាងលើ សូមឲ្យមកធ្វើការដោះស្រាយ ចូលខ្លួនមកអនុវត្តផាកពិន័យតាមសម្រួល ពុំនោះ សមត្ថកិច្ចនឹងប្រើវិធានការក្តៅ ចាត់ការតាមផ្លូវច្បាប់ មិនឲ្យរួចខ្លួនទេ៕