ដូមីនីកែន៖ ក្រុមហ៊ុនអាកាសចរណ៍ Helidosa Aviation Group បានបញ្ជាក់ថា មនុស្ស ៩នាក់បានស្លាប់ កាលពីថ្ងៃពុធ ទី១៥ ខែធ្នូ បន្ទាប់ពីយន្តហោះ១គ្រឿង បានធ្លាក់នៅអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានី សាន់តូ ដូមីនហ្គូ នៃសាធារណរដ្ឋដូមីនីកែន។ជើងហោះហើរលេខ HI1050 ប្រភេទ Gulfstream GIVSP គ្រោងចេញដំណើរទៅកាន់ទីក្រុងម៉ៃអាមី សហរដ្ឋអាមេរិក ជាមួយនឹងពីឡុត២នាក់ និងអ្នកដំណើរ ៧នាក់ ។ សេចក្តី ថ្លែងការណ៍ឱ្យដឹងថាក្នុងចំណោមអ្នកដំណើរមាន ៦នាក់ ជាជនបរទេស និងម្នាក់ជាជនជាតិដូមីនីកែន។
ក្រុមហ៊ុនបានបញ្ចេញឈ្មោះអ្នកស្លាប់ទាំង ៩នាក់ រួមទាំងផលិតករព័រតូរីកូ José Ángel Hernández ដែលត្រូវបានគេស្គាល់ថាជា “Flow La Movie”។ ក្រុមហ៊ុនបន្តថា ខ្លួននឹងផ្តល់កិច្ចសហការចាំបាច់ទាំងអស់ដល់អាជ្ញាធរដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់នេះ។នាយកដ្ឋានពន្លត់អគ្គីភ័យក្នុងស្រុក បានបញ្ជាក់ថា អ្នកស្លាប់ មានអនីតិជន ២នាក់ និងមនុស្សពេញវ័យ ៧នាក់។ អនុប្រធាននាយកដ្ឋានពន្លត់អគ្គីភ័យ លោក Kai Schenhals ឧបទ្ទវហេតុនេះ បានកើតឡើងនៅពេលដែលយន្តហោះព្យាយាមចុះចតជាបន្ទាន់ នៅលើផ្លូវ ដោយសារតែបញ្ហាមិនប្រក្រតីនៃម៉ាស៊ីន បន្ទាប់ពីហោះចេញពីស្ថានីយមួយទៀតជិតរដ្ឋធានីរបស់ប្រទេសនេះ៕