កំពត៖ មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត និងអាជ្ញាធរក្រុងកំពត បានចុះទៅពិនិត្យ និងជំរុញឱ្យម្ចាស់ក្លិបកម្សាន្ត KTV ទាំងអស់ក្នុងក្រុងកំពត ត្រូវចូលរួមសហការអនុវត្តតាមគោការណ៍ស្តង់ដា(SOP)ឱ្យបានល្អ ដើម្បីរក្សានូវសុវត្ថិភាព និងផលប្រយោជន៍កន្លែងរបស់ខ្លួន។ ក្នុងករណីពិនិត្យឃើញថា ការអនុវត្តមិនបានត្រឹមត្រូវ មន្ត្រីជំនាញ និងអាជ្ញាធរ នឹងចុះបិទកន្លែងនោះវិញ។ ការព្រមាននេះ ក្រោយពីប្រមុខរាជរដ្ឋាភិបាល ចេញសេចក្តីណែនាំឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លិបកម្សាន្ត រង្គសាល ឌីស្កូធែក និងម៉ាស្សាឡើងវិញ កាលយប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។
លោក សយ ស៊ីណុល បានប្រាប់ដល់ម្ចាស់ និងអ្នកគ្រប់គ្រង់ខារ៉ាអូខេថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ក្នុងការស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋ រហូតបានជាង៨០ភាគរយ នៅទូទាំងប្រទេស និងឈានដល់ការចាក់ដូសជំរុញបន្ថែមនោះ បានធ្វើឱ្យស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាមានសភាពប្រសើរឡើង រហូតសម្តេចសម្រេចឱ្យមានការបើកប្រទេសឡើងវិញ។ ដោយឡែកអាជីកម្មខារ៉ាអូខេ ទើបតែបានអនុញ្ញាតឱ្យបើកដំណើរការ ដោយសម្តេចយល់ឃើញថា អាជីវកម្មខារ៉ាអូខេ ជាអាជីវកម្មរងគ្រោះខ្លាំងជាងគេបំផុត។ ដូច្នេះទើបសម្តេចសម្រេចឱ្យបើកឡើងវិញ ប៉ុន្តែត្រូវការបើកឡើងវិញនេះតម្រូវឱ្យម្ចាស់ អ្នកគ្រប់គ្រង ត្រូវគោរពតាមវិធានសុវត្ថិភាពទេសចរណ៍ ឬគោលការណ៍ SOP ឱ្យបានត្រឹមត្រូវ ក្នុងនោះការធ្វើអនាម័យបរិស្ថានឱ្យបានស្អាត ការពិនិត្យកំដៅ ការបាញ់អាល់កុលសម្អាតដៃ សម្អាតបន្ទប់នៅមុនពេលភ្ញៀវចូល និងក្រោយពេលភ្ញៀវចេញ កាត់បន្ថយចំនួនមនុស្សនៅក្នុងបន្ទប់ និងព្យាយាមរក្សាគម្លាត ហាមប៉ះពាល់ ឬឱប និងពាក់ម៉ាសការពារជាដើម។ ការចូលរួមអនុវត្តតាមការណែនាំ ដើម្បីថែរក្សាសុខភាពសាធារណៈ សុវត្ថិភាព និងផលប្រយោជន៍កន្លែងរបស់ខ្លួន។
ជាមួយគ្នានេះដែរ លោក លាង រឿនសុធី អភិបាលក្រុងកំពត បានឱ្យដឹងថា អាជ្ញាធរក្រុងសហការជាមួយមន្ទីរជំនាញ នឹងចុះមកពិនិត្យឱ្យបានញឹកញាប់ ដើម្បីធានាថា ម្ចាស់ ឬអ្នកគ្រប់ក្លិបកម្សាន្ត ខារ៉ាអូខេ បានចូលរួមអនុវត្តតាមគោលការណ៍ SOP យ៉ាងត្រឹមត្រូវ ហើយអាចបញ្ចៀសការចម្លងជំងឺកូវីដ-១៩ គ្រប់ប្រភេទនៅក្នុងកន្លែងរបស់ខ្លួន។ ក្នុងករណីអនុវត្តមិនបានល្អ អាជ្ញាធរក្រុងកំពត សហការជាមួយមន្ត្រីជំនាញ នឹងចុះមកបិទកន្លែងទាំងនោះ មិនឱ្យដំណើរទេ៕