ថៃ ៖ ការិយាល័យអន្តោប្រវេសន៍ និងក្រសួងសុខាភិបាលសាធារណៈថៃកំពុងធ្វើការតាមដានអ្នកដំណើរអាហ្វ្រិចចំនួន ៧៨៣នាក់ ដែលបានចូលមកប្រទេសថៃចាប់តាំងពីថ្ងៃទី១៥ ខែវិច្ឆិកា។អាជ្ញាធរថៃកំពុងស្វែងរកការធ្វើតេស្តលើអ្នកដំណើរទាំងនោះដើម្បីរកវីរុសបំប្លែងថ្មី Omicron ដែលវាជាវិធានការក្នុងការបង្កើនសុវត្ថិភាពសាធារណៈ។អ្នកដំណើរអាហ្វ្រិចទាំងនោះត្រូវបានគេជឿជាក់ថា កំពុងស្ថិតនៅគោលដៅទេសចរណ៍សំខាន់ៗរបស់ថៃរួមមានទីក្រុងបាងកក ហើយអាជ្ញាធរកំពុងព្យាយាមទាក់ទងពួកគេ និងស្នើសុំឲ្យពួកគេធ្វើតេស្តេរកវីរុសបំប្លែងថ្មី។ នេះបើតាមការបញ្ជាក់របស់មេប៉ូលីសជាតិឈ្មោះ Suwat Jangyodsuk។លោកបានថ្លែងថា ប៉ូលីសអន្តោប្រវេសន៍ និងក្រសួងសុខាភិបាលក៏កំពុងបង្កើនវិធានការត្រួតពិនិត្យផងដែរនៅព្រលានយន្តហោះ ដើម្បីប្រឈមនឹងការគំរា.មកំហែងផ្នែកសុខភាព ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី។
សូមបញ្ជាក់ថា ចាប់តាំងពីអ្នកវិទ្យាសាស្ត្រអាហ្វ្រិចខាងត្បូងបានរាយការណ៍ពីវីរុសបំប្លែងថ្មីទៅកាន់អង្គការសុខភាពពិភពលោកមក ប្រទេសជាច្រើនជុំវិញពិភពលោករួមទាំងថៃផងបានដាក់បម្រាមធ្វើដំណើរលើប្រទេសអាហ្វ្រិចខាងត្បូង និងប្រទេសចំនួន ៧ទៀតនៅក្នុងតំបន់អាហ្វ្រិច ដើម្បីទប់ស្កាត់ការឆ្លងវីរុសបំលែងថ្មី ដែលបង្កហានិភ័យឆ្លងរីករាលដាលលឿន និងធន់នឹងវ៉ាក់សាំង។រហូតមកដល់ពេលនេះ ថៃមិនទាន់រកឃើញមានករណីឆ្លងវីរុសបំប្លែងថ្មី Omicron នៅឡើយទេ ហើយនាយករដ្ឋមន្ត្រីថៃប្រកាសថានឹងអាចបិទប្រទេសសារជាថ្មី ប្រសិនរកឃើញមានការឆ្លង។ថៃបានធ្វើការបើកប្រទេសឡើងវិញកាលពីថ្ងៃទី ១ខែវិច្ឆការនេះ ដើម្បីទទួលយកអ្នកទេសចរណ៍ចាក់វ៉ាក់សាំងរួចមកពីប្រទេសចំនួន ៦០ទូទាំងពិភពលោក ក្រោយពេលបិទព្រំដែនអស់រយៈពេល ១៨ខែដោយសារវិបត្តកូវីដ