ភ្នំពេញ ៖ អតីតតារាភាពយន្តខ្មែរពីជំនាន់ដើមលោកស្រី កែវ មន្ថា បានទទួលមរណភាពហើយ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។ នេះបើតាមការប្រកាសអោយដឹងពីក្រុមព្រះសុរិយានៅថ្ងៃនេះ។ក្រុមស្រាវជ្រាវភាពយន្តខ្មែរពីដើមខាងលើនេះ បានប្រកាសថា ក្រុមព្រះសុរិយា មានក្តីរន្ធត់ឥតឧបមាចំពោះដំណឹងមរណភាពរបស់លោកជំទាវ កែវ មន្ថា អតីតសិល្បការិនីខ្មែរបីជំនាន់ដែលបានលាចាកលោកទៅកាលពីរាត្រីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ។លោកជំទាវ កែវ មន្ថា គឺជាសិល្បការិនីដ៏ឆ្នើមមួយរូបនៃកម្ពុជា ដែលពោរពេញដោយសមត្ថភាពទេពកោសល្យ និងស្នាដៃ។ ការបាត់បង់នេះ គឺជាបាត់បង់ធនធានដ៏កម្រមួយរូបប្រចាំវិស័យសិល្បៈទី៧ នៃជាតិខ្មែរ ។ ក្រុមព្រះសុរិយា សូមឧទ្ទិសបុណ្យកុសល ជូនចំពោះដួងវិញ្ញាណក្ខន្ធ លោកជំទាវ សូមអញ្ជើញទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
គួរបញ្ជាក់ថា លោកជំទាវ កែវ មន្ថា ដែលជាអតីតតារាភាពយន្តខ្មែរពីជំនាន់ដើម បានសម្តែងក្នុងរឿង សង្សារឧត្ដមដួងចិត្ត, រឿង សំណើចចំអកនៃព្រហ្មលិខិត, រឿង គូកម្មទេបង, រឿង ជំនោរកំពូលភ្នំ, រឿង ចិត្តម្តាយ និងរឿងជាច្រើនទៀត!»។ ដោយឡែក បទចម្រៀងវិញ មានដូចជា បទ មួលភ្លៅ បទ មិនយកទេប្តីចាស់ បទ គេហើយនិងបង បទ ថើបមកចុះ, បទ លោកជំទាវ កែវ មន្ថា គឺជាម្ចាស់ពានរង្វាន់អប្សរាប្រចាំឆ្នាំ១៩៦៤ ដែលបានប្រទានដោយព្រះបាទសម្តេចព្រះនរោត្តមសីហនុ តាមរយៈខ្សែភាពយន្តមួយរឿងដ៏ល្បីល្បាញលំដាប់ថ្នាក់ជាតិ គឺរឿង «សង្សារឧត្តមដួងចិត្ត» ដែលមានអមដោយចម្រៀងបទ «ខ្យល់កំពូលភ្នំ» បកស្រាយដោយលោកជំទាវផ្ទាល់តែម្តង ៕