កោះកុង៖ ក្មេងប្រុសចំនួន ៣នាក់រើសបានគ្រាប់ ៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ (គ្រាប់សល់ពីសម័យសង្គ្រាម) យកមកគប់លេងបណ្តាលឲ្យផ្ទុះ រងរបួសធ្ងន់ បញ្ជូនទៅសំរាកព្យាបាលនៅរាជធានីភ្នំពេញ។
លោក ហាក់ ឡេង អភិបាលស្រុកបុទុមសាគរអះអាងថា ហេតុការណ៍បានកើតឡើង នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៤ និង៥០នាទី ស្ថិតនៅភូមិជីត្រេះ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។ លោកបន្ត ក្មេងប្រុសទាំង ០៣នាក់នេះដើរទៅឃ្វៀលសត្វក្របី នៅចំណុចព្រៃធំ ហើយក៏រើសបានគ្រាប់៦០មីលីម៉ែត្រ ចំនួន០១គ្រាប់ (គ្រាប់សល់ពីសម័យសង្គ្រាម) យកមកគប់លេង បណ្ដាលឲ្យផ្ទុះ រងរបួសធ្ងន់ទាំង ០៣នាក់។ក្មេងប្រុសទាំង៣ មានឈ្មោះ ទី ១-ឈ្មោះ ឡូ លុយ អាយុ ១២ឆ្នាំ, ទី ២-ឈ្មោះ សាយ សុវណ្ណរ៉ា អាយុ១៣ឆ្នាំ និងទី៣-ឈ្មោះ ជីន អេង អាយុ១៣ឆ្នាំ។ ក្មេងប្រុសទាំង០៣នាក់ មានទីលំនៅកន្លែងកើតហេតុខាងលើ (រងរបួសធ្ងន់ ត្រូវរបួសជើងទាំង០៣នាក់)។
ក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារ បញ្ជូនមកព្យាបាលនៅមណ្ឌលសុខភាពអណ្ដូងទឹក ដោយឃើញរងបួសជើងធ្ងន់ធ្ងរពេក ក្រុមគ្រូពេទ្យបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកស្រែអំបិស និងពីរគ្រួសារទៀតបញ្ជូនទៅព្យាបាលនៅរាជធានីភ្នំពេញ៕