លោកឧត្តមសេនីយ៍ ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កម្លាំងសមត្ថកិច្ចរបស់រាជធានីភ្នំពេញ នឹងប្រើប្រាស់កម្លាំងចំនួន១៩២១នាក់ ឈរជើងនៅតាមគោលដៅសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញពិសេស ឈរជើងនៅតាមវត្តអារាមទាំង១៥១វត្ត និងនៅតាមច្រកចេញ ចូលរាជធានីភ្នំពេញ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ក្នុងឱកាសដែលបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅវត្តអារាម ក៏ដូចជាចាកចេញពីរាជធានីភ្នំពេញ ទៅបណ្ដាខេត្តនានា។
លោកក៏បានបញ្ជាក់បន្ថែមថា ក្នុងចំនួនសមត្ថកិច្ចប៉ូលិសជិត២០០០ នាក់នេះ យើងចែកចេញជាផែនសម្រួលសណ្ដាប់ធ្នាប់ចរាចរ អន្តរាគមន៍ អគ្គិភ័យ ល្បាត និងបង្ក្រាបបទល្មើសផ្សេងៗនៅក្នុងមូលដ្ឋានដើម្បីកាត់បន្ថយនូវអំពើចោរកម្មលួច ឆក់ ប្លន់ គ្រឿងញៀន និងគាស់ផ្ទះជាដើម ខណៈដែរបងប្អូនប្រជាពលរដ្ឋចាកចេញទៅស្រុកកំណើតអស់។ បន្ថែមពីនេះទៀត យើងក៏ប្រើប្រាស់សមត្ថកិច្ចប៉ូលិសនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ចុះការពារសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ សំដៅធ្វើយ៉ាងណាអោយប្រជាពលរដ្ឋមានភាពកក់ក្តៅ និងមានជំនឿទុកចិត្តមកលើសមត្ថកិច្ចរបស់យើង។
ការបង្ហាញបែបនេះរបស់លោកឧត្តមសេនីយ៍ ស ថេត បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) របស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី២០ខែកញ្ញានេះ ដើម្បីពិភាក្សាលើការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ការអនុវត្តអោយបានម៉ឺងម៉ាត់បំផុតជុំវិញវិធានការការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌនេះ៕