ក្រសួងធនធានទឹក និង ឧតុនិយម នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា បាន និង កំពុងបន្តទទួលរងនូវឥទ្ធិពល នៃជ្រលងសម្ពាធទាប ឥណ្ឌា និង ខ្យល់មូសុងនិរតីខ្សោយ ដែលធ្វើឱ្យភ្លៀងនៅតែបន្តមានក្នុងកម្រិតពីតិចទៅមធ្យម។
ក្នុងន័យនេះ ក្រសួងបានបញ្ជាក់ឱ្យដឹងថា ចាប់ពីថ្ងៃទី ២០ នេះ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ អាកាសធាតុ មានការប្រែប្រួលខ្លាំង ដោយប្រព័ន្ធសម្ពាធទាប ចាប់កើតសាជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូងនឹងអូសកាត់បញ្ឆិតព្រះរាជាណាចក្រកម្ពុជាផ្នែកខាងជើង ដែលអាចនឹងធ្វើឱ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង។
យោងតាមការព្យាករលក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖
១. តំបន់វាលទំនាប
ផ្ទៃមេឃមានពពកច្រើន មានអ័ព្ទ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង ខេត្តបន្ទាយមានជ័យ។
២. តំបន់ខ្ពង់រាប ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ
ផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ (ស្រុកវាលវែង) ឧត្ដរមានជ័យ ព្រះវិហារ និង ខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ដែលអាចនឹងបង្កទៅជាជំនន់។
៣. តំបន់មាត់សមុទ្រ
ផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនមធ្យម ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពិសេសផ្លូវជាតិ លេខ ៤ អាចគំរាមកំហែងដោយជំនន់ទឹកភ្លៀង។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ និង រលកសមុទ្រមានកម្ពស់មធ្យម៕
សូមអានសេចក្ដីប្រកាសរបស់ក្រសួងនៅខាងក្រោម ៖