ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកស្លា.ប់មុខសំយ៉ាបផ្ទះល្វែងមួយកន្លែង ដែលម្ចាស់ផ្ទះចាក់សោរទ្វារទុកចោល ក្រោយពេលផឹកស្រាថ្នាំអស់កន្លះលីត្រ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ១០ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅមុខផ្ទះល្វែងមួយកន្លែង តាមបណ្តោយផ្លូវលេខ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង។
សពស្ត្រីខាងលើមានឈ្មោះ វ៉ាន់ ស្រីនាង ហៅចាន់នី អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់តាមសំយ៉ាបផ្ទះគេជាមួយនិងប្តី ឈ្មោះ ស៊ុន តារា អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ។តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា សពស្ត្រីនិងប្តីខាងលើនេះ មិនដែលឃើញទៅធ្វើការងារ ឬរកស៊ីអីទេ មួយថ្ងៃៗឃើញតែផឹកស្រាថ្នាំទល់មុខគ្នា ហើយមិនដែលមានសាច់ក្លែម ឬហូបបាយហូបទឹកនោះទេ។ មុនពេលកើតហេតុ គេឃើញបុរសជាប្តីបានទិញស្រាថ្នាំ១លីត្រ យកមកអង្គុយផឹកជាមួយប្រពន្ធ អស់តែកន្លះលីត្រប្រពន្ធដេកដកចង្កាមាន់ត្រដខ្យល់ ស្លា.ប់ចោលប្តីតែម្តងទៅ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទំនប់ទឹក បានយកខ្សែចងហ៊ុំព័ទ្ធជុំវិញកន្លែងកើតហេតុ ដើម្បីឲ្យគ្រូពេទ្យចុះមកពិនិត្យតេស្តសំណាកសពស្ត្រីខាងលើ លទ្ធផលអវិជ្ជមាន ហើយក៏បានប្រគល់សព ទៅឲ្យសមត្ថកិច្ចនគរបាលជំនាញ ការិយាល័យកោសល្យវិច័យ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យសពបន្ត ក្រោយពេលសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យសពស្ត្រីខាងលើនេះ រួចហើយ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា សពស្ត្រីនេះស្លា.ប់ដោយសារខ្យល់គរ ខ្វះការហូបចុក។ សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕