ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចទ្រព្យប្រជាពលរដ្ឋយ៉ាងសកម្ម ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន កាលវេលាម៉ោង១២នឹង១០ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចតារាងបាល់ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៩ និង៣០នាទី ជនរងគ្រោះឈ្មោះ ឃៀង យៀង កំពុងតែនៅផ្ទះពេលនោះជំនួយការរបស់ជនរងគ្រោះ បានទូរស័ព្ទប្រាប់ជនរងគ្រោះថា ជនសង្ស័យឈ្មោះ ម៉ែន សុប៊ីន ជាអតីតបុគ្គលិកនៅឃ្លាំងសាប៊ូ របស់ជនរងគ្រោះ បានផ្លោះរបងស័ង្កសី ចូលលួចទ្រព្យសម្បត្តិនៅក្នុងឃ្លាំងស្តុកថ្នាំដុសធ្មេញ និងសាប៊ូរបស់ជនរងគ្រោះ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ហើយជនរងគ្រោះក៏បានឆែកមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅឃ្លាំងខាងលើ បានឃើញជនសង្ស័យធ្វើសកម្មភាព ផ្លោះរបងចូលលួចទ្រព្យសម្បត្តិ ក្នុងឃ្លាំងរបស់ខ្លួន នៅវេលាម៉ោង១៦និង០០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ហើយគេចខ្លួនបាត់ស្រមោល ទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ យកមកធ្វើការសាកសួរចាត់ការទៅតាមផ្លូវច្បាប់ ។ រហូតដល់ថ្ងៃទី១២ ខែឆ្នាំដដែលវេលាម៉ោង១៩និង០០នាទី ជនសង្ស័យខាងលើ បានផ្លោះមកធ្វើសកម្មភាពលួចយកទ្រព្យសម្បត្តិ របស់ជនរងគ្រោះម្តងទៀត គឺលួចដោះយកអាគុយរថយន្តកម្លាំង៩០អំពែ របស់ជនរងគ្រោះ យកទៅលក់ឱ្យម្ចាស់ហាងលក់អាគុយ យីហោឈ្មោះ ស៊ីង លីហុង ផ្លូវ២១៧ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បានលុយចំនួន ៤៥០០០ រៀល (បួនម៉ឺនប្រាំពាន់រៀល) ។
ក្រោយមកសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យបានត្រង់ចំណុចតារាងបាល់ ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួររួច នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចយកសាប៊ូ និងលួចដោះយកអាគុយរថយន្ត របស់ជនរងគ្រោះខាងលើ យកទៅលក់នៅហាងលក់អាគុយយីហោ ស៊ីង លីហុង ប្រាកដមែន ក្រោយមកសមត្ថកិច្ច ក៏បាននាំជនសង្ស័យ ទៅហាងលក់អាគុយយីហោ ស៊ីង លីហុង ខាងលើ ប៉ុន្តែពេលសមត្ថកិច្ចទៅដល់ ជនសង្ស័យជាម្ចាស់ហាង បានគេចខ្លួនបាត់ ទុកតែអាគុយដែលជារបស់ជនរងគ្រោះនៅខាងមុខហាង រួចសមត្ថកិធ្វើការដកហូត យកអាគុយរបស់ជនរងគ្រោះយកមកវិញ។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមវត្ថុតាង សមត្ថកិច្ចកំពុងឃុំខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង ទៅកាន់តុលាការចាត់ការទៅតាមនិតិវិធី៕