នៅព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំគណៈប្រតិភូ បន្តចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១២ឆ្នាំដល់ ១៧ឆ្នាំ និងពីអាយុ១៨ឆ្នាំឡើងទៅ នៅស្រុកចំនួនបី គឺស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុករុក្ខគិរី ដើម្បីជំរុញដំណើរការចាក់វ៉ាក់សាំងឲ្យបានគ្រប់ទៅតាមផែនការដែលរាជរដ្ឋាភិបាលបានកំណត់ និងឲ្យបានគ្រប់ៗគ្នា ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ងួន រតនៈ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន ស ខេង ដែលមានជាគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ជូនដល់ក្រុមការងារចាក់វ៉ាក់សាំង កងកម្លាំងប្រដាប់អាវុធ ដែលកំពុងមមាញឹកក្នុងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ។
ឯកឧត្តម ងួន រតនៈ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់ក្រុមការងារ មានក្រុមគ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងក្មួយៗជាក្រុមយុវជន សសយក ទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរបស់ខ្លួនជួយដល់សង្គមជាតិ ដើម្បីឲ្យដំណើរការនៃការចាក់វ៉ាក់សាំងទៅមុខដោយរលូន បើទោះបីជាក្មួយៗយុវជន សសយក មិនមានជំនាញផ្នែកពេទ្យក៏ដោយ ក៏អាចជួយសម្រាលការងារមួយចំនួនដូចជាការចុះឈ្មោះ ការបញ្ជូលទិន្នន័យ ឬការរៀបចំសណ្ដាប់ធ្នាប់ជាដើម ។
ឯកឧត្តម បានបន្តទៀតថា សម្រាប់ប្រជាពលរដ្ឋដែលមកទទួលការចាក់វ៉ាក់សាំង សូមរក្សារបៀបរៀបរយដោយត្រូវមានការរក្សាគម្លាតស្ដង់ដា តាមការណែនាំរបស់ក្រសួងសុខាភិបាល មិនត្រូវធ្វើការបញ្រ្ចៀតគ្នា បង្កឲ្យមានហានិភ័យនោះទេ ហើយបន្ទាប់ពីទទួលការចាក់វ៉ាក់សាំងគ្រប់ចំនួនដុសរួចហើយ សូមបន្តអនុវត្ត៣កុំ៣ការពារឲ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវមានការធ្វេសប្រហែសឡើយ និងបន្តអនុវត្តទៅតាមវិធានការរបស់រដ្ឋបាលដែលបានដាក់ជូនផងដែរ ៕