កំពង់ចាម៖ រថយន្តដឹកត្រីមួយគ្រឿងបានជួបហេតុការណ៍ក្រឡាប់បះជើងច្រូងធ្វើឱ្យត្រី២ទៅ៣តោន បានជ្រុះរាយប៉ាយលើផ្លូវជាតិលេខ៦ ក្បែរចំណុចមុខសាលាស្រុកជើងព្រៃ ។ ហើយសំណាងល្អដែរ ដែលត្រីទាំងនោះមិនមានបាត់បង់ឡើយ ដោយសមត្ថកិច្ចចុះទៅជួយការពារមិនឱ្យប្រជាពលរដ្ឋណាម្នាក់មកចាប់យកនោះទេ ។ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង១០ព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០២១ ។
បើតាមអភិបាលស្រុកជើងព្រៃ លោកអូត ឈាងលី បានប្រាប់ឲ្យដឹងថា ត្រីមួយរថយន្តនេះត្រូវបានឈ្មួញចុះទៅទិញពីស្រះមួយកន្លែងក្នុងស្រុកបាធាយ ដើម្បីដឹកយកមកលក់នៅតាមផ្សារមួយចំនួនក្នុងខេត្តកំពង់ចាម។ តែចៃដន្យស្របពេលបើកមកដល់ជិតរង្វង់មូលស្គន់វាក់នឹងម៉ូតូមួយគ្រឿង នៅខាងមុខតៃកុងរថយន្តក៏បានចាប់ហ្វ្រាំងជាហេតុធ្វើឲ្យធុងទឹកដាក់ត្រីគ្រលែង ហើយក្រឡាប់រថយន្តតែម្ដងសំណាងមិនមានអ្នករងរបួសនោះទេ ។
លោកអូត ឈាងលី បានបញ្ជាក់ថា ក្រោយពីមានហេតុការណ៍ក្រឡាប់រថយន្តដឹកត្រីរបស់ឈ្មួញកម្លាំងនគរបាលរួមទាំងអាជ្ញាធរបានចុះទៅដល់ភ្លាមៗ ដោយប្រាប់ប្រជាពលរដ្ឋនៅក្បែរនោះមិនឲ្យនរណាម្នាក់ទៅចាប់យកត្រីរបស់គេនោះទេ ដោយហេតុការណ៍នេះត្រឹមតែជាគ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ ៕