ភ្នំពេញ៖ បើទោះបីជាកម្ពុជាកំពុងមានវិបត្តិកូវីដ-១៩ ដូចបណ្តាប្រទេសផ្សេងៗទៀតនៅលើពិភព លោកដែរ ប៉ុន្តែមួយរយៈចុងក្រោយនេះគេសង្កេតឃើញថានាយប្រុញ ដែលជាតារាល្បីក្នុងបណ្តាញសង្គមមាន ហ្វេសប៊ុក យូធូប និងតិកតុកជាដើម រាសីឡើងខ្ពស់ត្រដែតជាលំដាប់ដោយថ្មីៗកន្លងទៅ នេះទើបតែទទួលបានការចុះកុងត្រាតម្លៃខ្ទង់ម៉ឺនដុល្លារឯណោះ ស្រាប់តែពេលនេះទទួលបានរថយន្ត ទំនើបថ្មីស្រឡាងមួយគ្រឿងថែមទៀត ដែលធ្វើឲ្យនាយប្រុញមានទឹកចិត្តរំភើបខ្លាំង និងកាន់តែមាន ទឹកចិត្តផលិតវីដេអូកំប្លែងខ្លីខ្លាំងឡើង ។
បន្ទាប់ពីឃើញនាយប្រុញមានរាសីខ្ពស់ ឡើងកូដជាលំដាប់ដូចនេះមហាជន និងអ្នកគាំទ្រមួយចំនួន ដែលចូលចិត្តទស្សនាវីដេអូរបស់ប្អូនប្រុញប្រាកដជាចង់ដឹងមនុស្សសំខាន់ដែលជួយជ្រោមជ្រែង ឲ្យ នាយប្រុញទទួលបានកិត្តិយសថ្លៃថ្នូរ និងជីវភាពកាន់តែប្រសើរជាងមុន ខណៈអ្នកមួយចំនួនផ្សេង ទៀតដែលជាតារាល្បីក្នុងបណ្តាញសង្គមដែរប៉ុន្តែមិនមានសំណាងទទួលបានការជ្រោមជ្រែងពីអ្នកដទៃដូចប្អូនប្រុញ ។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយប្រុញមិនលាក់បាំងមហាជននោះទេ ដោយនាយប្រុញបានជម្រាបថា អ្នកដែលជួយជ្រោមជ្រែង និងផ្តល់តម្លៃកិត្តយសថ្លៃថ្នូរដល់រូបគាត់នោះគឺលោកឧកញ៉ាចិត្តធម៌ អ៊ុច សម្បត្តិ និងលោកជំទាវ ហ៊ឹម សុភ័ក្រ ដែលបានសម្រេចផ្តល់កុងត្រាដល់នាយប្រុញឲ្យផលិតវីដេអូខ្លី ក្នុងរយៈពេលពេញមួយឆ្នាំ ដោយមានតម្លៃសមរម្យខ្ទង់ម៉ឺនដុល្លារដែរ ។ លើសពីនេះលោកទាំងពីរបាន ផ្តល់នូវរថយន្តទំនើបថ្មីស្រឡាងមួយគ្រឿងថែមទៀតទុកជាមធ្យោបាយធ្វើដំណើរដើម្បីមានភាពងាយស្រួលដល់ក្រុមការងារក្នុងការបំពេញបេសកម្មផលិតវីដេអូ នៅតាមបណ្តាខេត្ត ឬនៅក្នុងរាជធានី ភ្នំពេញ តាមគម្រោងនីមួយៗ ។ មិនតែប៉ុណ្ណោះលោកឧកញ៉ា និងលោកជំទាវ ថែមទាំងបានផ្តល់ នូវជំនួយ ជាអំណោយសប្បុរសធម៌ដល់ក្រុមគ្រួសាររបស់នាយប្រុញថែមទៀតផង ។
សូមជម្រាបថា លោកឧកញ៉ា អ៊ុច សម្បត្តិ ជាប្រធានស្ថាបនិកក្រុមហ៊ុនគ្រួសារកក់ក្តៅ និងភរិយាគឺ លោកជំទាវ ហ៊ឹម សុភ័ក្រ អគ្គនាយិកាក្រុមហ៊ុនគ្រួសារកក់ក្តៅនេះ ជាអ្នកជំនួញជោគជ័យមួយរួប នៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនរបស់លោករហូតដល់ពេលនេះមានភាពល្បីល្បាញ និងឈាន មុខគេ ក្នុងការចែកចាយផលិតផលនៅទូទាំងប្រទេស និងមានដៃគូរសហការពីក្រៅប្រទេសដើម្បី ផ្តល់សិទ្ធផ្តាច់មុខអ្នករកស៊ីមួយចំនួនមានក្តីស្រមៃចង់បង្កើតប៊្រេនថ្មីផ្ទាល់ខ្លួន ៕