ភ្នំពេញ: ជនសង្ស័យម្នាក់ហ៊ានម៉ូតូប៉ូលិសជិះបានប្រមាណ ២គីឡូដី ផ្តួលម៉ូតូចោលរត់ចូលដីឡូតិ៍គេចមិនរួច ត្រូវប៉ូលិសចាប់វាយខ្នោះ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ ចំណុចក្បែររង្វង់មូលព្រហ្មមុខបួន ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ជនសង្ស័យភ្លាមៗមិនត្រូវបានស្គាល់ឈ្មោះនោះទេ បន្ទាប់ពីឃាត់ខ្លួនបានបន្តិច ក៏ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីចាត់ការបន្ត។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យម្នាក់ខាងលើ បានលួចម៉ូតូរបស់ប៉ូលិសម្នាក់ ដែលបានចតនៅក្បែរវង្វង់មូលព្រហ្មមុខបួន ពេលលួចបានភ្លាមនោះ ក៏មានប្រជាពលរដ្ឋឃើញស្រែកឆោឡោឡើងផ្អើលដល់សមត្ថកិច្ច និងសន្តិសុខរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី ដែល យាមនៅតាមគោលដៅបាន ជួយដេញនិងឃាត់បាននៅចំណុច ដីឡូតិ៍មួយកន្លែងក្នុងសង្កាត់ព្រែកលៀបដែលមានចម្ងាយប្រមាណ ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុក្នុងបរិវេណ ទីក្រុងរណបជ្រោយចង្វារ។
ក្រោយកើតហេតុជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីសាងសំណុំរឿងតាមនីតិវិធី៕