កំពង់ស្ពឺ៖ កម្មករ កម្មការិនីជាច្រើននាក់ បានរងគ្រោះថ្នាក់ រងរបួស និងស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៤១ ចំណុចភូមិព្រៃសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ក្រភពពីកន្លែងកើតហេតុ បានអោយដឹងថា រថយន្តដឹកកម្មករកាត់ដេរនោះ ធ្វើដំណើរពីជើង ទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្ត ដែលពួកគាត់ជិះ មានសំឡេងក្តាំង បណ្តាលអោយពួកគាត់ រងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅតាមមន្ទីរពេទ្យ ដែលនៅជិតៗនោះ។
តាមប្រភពព័ត៌មាន គ្រោះថ្នាក់នេះ បានកើតឡើង ដោយសារឡានដឹកកម្មករ បុកជាមួយរថយន្តមួយគ្រឿងទៀត ដែលមានទិសដៅផ្ទុយគ្នា។ ភ្លាមៗ នៅកន្លែងកើតហេតុ មានបុរសកម្មករកាត់ដេរម្នាក់ បានស្លាប់ និងប្រហែលជាង ៣០នាក់ទៀត រងរបួស។
សមត្ថកិច្ច ស្រង់ស្ថិតិអ្នករងរបួស តាមមន្ទីរពេទ្យនានា។ រីឯតៃកុងរថយន្ត បានរត់គេចខ្លួន ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកតៃកុងឡាននោះ ដើម្បីសួរនាំរកមូលហេតុពិតនៃគ្រោះថ្នាក់ចរាចរណ៍នេះ៕