ភ្នំពេញ ÷ យុវជនម្នាក់បានលង់ទឹកលិចចូលទៅក្នុងស្រះរណ្តៅដីចាស់ ជម្រៅ៣០ម៉ែត្រ ខណៈកំពុងតែហែលទឹកលេងជាមួយមិត្តភក្តិ។ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅខាងក្រោយវត្តឬស្សីសាញ់ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពយុវជនរងគ្រោះមានឈ្មោះ ពៅ ម៉េង ហៀង អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយម្តាយ ដែលជាស្ត្រីមេម៉ាយ នៅបន្ទប់ជួលភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
តាមការរៀបរាប់ស្ត្រី ដែលជាម្តាយយុវជនរងគ្រោះខាងលើ បានឲ្យដឹងថា រូបគាត់ជាស្ត្រីមេម៉ាយ ហើយមានតែកូនប្រុសតែម្នាក់គត់ រូបគាត់បានបន្តទាំងទឹកភ្នែកថា នៅវេលាម៉ោង១១ព្រឹកមិញនេះ កូនប្រុសរបស់គាត់ បានប្រាប់គាត់ថាម៉ែខ្ញុំសុំទៅចាក់វ៉ាក់សាំង ជាមួយនិងមិត្តភក្តិរបស់កូនគាត់៥នាក់ទៀត
លុះនៅវេលាម៉ោងកើតហេតុ មិត្តភក្តិរបស់កូនប្រុសរបស់គាត់ម្នាក់ ដែលមកលេងទឹក ជាមួយគ្នាបានជិះម៉ូតូទៅប្រាប់គាត់ថា មីងកូនមីងអាហៀងលង់ទឹកស្រះលិចបាត់ហើយ ភ្លាមៗនោះស្ត្រីជាម្តាយ បានរូតរះមកកាន់កន្លែងកើតហេតុ ហើយបានត្រឹមតែអង្គុយទ្រហោយំ នៅមាត់ស្រះរងចាំមើលសពកូនប្រុស របស់គាត់អណ្តែតមកវិញ ។
ខណៈពេលនេះ សមត្ថកិច្ចមូលដ្ឋាន នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កំពុងតែទំនាក់ទំនង ទៅកាន់ក្រុមជំនាញមុជទឹករាវរកសព ដើម្បីប្រគល់សពជូនម្តាយជនរងគ្រោះ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕