ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មានលុបចោល សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ស្តីពី ការហាមឃាត់ការធ្វើដំណើរ ចូលមកប្រទេសកម្ពុជា ចំពោះជនជាតិឥណ្ឌា និងជនជាតិបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ឬឆ្លងកាត់ប្រទេសឥណ្ឌា ឬមានប្រវត្តិធ្វើដំណើរទៅប្រទេសឥណ្ឌា រយៈពេល៣សប្តាហ៍មុន ចូលមកប្រទេសកម្ពុជា តាមផ្លូវអាកាស ឬតាមផ្លូវគោក ។
បើតាមក្រសួងសុខាភិបាលបានឲ្យដឹងបន្តថា ការប្រកាសលុបចោលសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះដោយយោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ដោយយោងតាមសភាពធូរស្រាល នៃការរីករាលដាលជំងឺកូវីដ-១៩ នៅសាធារណរដ្ឋឥណ្ឌា ។
ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា សេចក្តីប្រកាសនេះបានចូលជាធរមានចាប់ពីម៉ោង២៣និង៥៩ ថ្ងៃទី០៦ (០០:០១ ថ្ងៃទី០៧) ខែសីហា ឆ្នាំ២០២១ ៕