ភ្នំពេញ៖ ពាក់ព័ន្ធករណីដែលល្បីកក្រើកថាមន្ត្រីយាមនៅច្រកចេញចូលស្តាតអូឡាំពិកទារលុយអ្នកយកអាហារមកឲ្យសាច់ញាតិនៅពេលនេះបន្ទាប់ពីបានស្រាវជ្រាវសាកសួរច្បាស់លាស់ទើបនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ស្នងការនគរបាលរាជធានីភ្នំពេញបានបំភ្លឺតាមរយៈទំព័រហ្វេសប៊ុកថា មិនមានមន្ត្រីណាម្នាក់យកលុយពីប្រជាពលរដ្ឋជាថ្នូរនឹងការចូលយកម្ហូបអាហារមកឲ្យបងប្អូន សាច់ញាតិដែលកំពុងសម្រាកព្យាបាលជំងឺកូវីដនៅស្តាតអូឡាំពិកនោះទេ ។
ប្រភពខាងលើនេះបានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ មានគណនីហ្វេសប៊ុកមួយឈ្មោះ Heng Sothea និង ព័ត៌មាន សុខភាព កំសាន្ត បានបង្ហោះសារថា «ខ្ញុំបាទ សូមស្នើសុំឲ្យមន្ត្រីធំសុំមើល មន្ត្រីប្រចាំការនៅមណ្ឌលធ្វើ – ចត្តាឡីស័កនៅស្តាតអូឡាំពិកនេះផង គ្រាន់តែអ្នកជំងឺឲ្យសាច់ញាតិ យកបបរមកផ្ញើពីរកូនចានសោះ លោកប៉ូលីស ទាយកលុយពីគ្នា ២០,០០០រៀល បានឲ្យយកចូលបានមានឥវ៉ានមកពីខាងក្រៅបន្តិចបន្ទួចសោះ លោកប៉ូលីស ទារកលុយពីគ្នាចាប់ពី ២០,០០០រៀល ទៅដល់ ៤០,០០០រៀល ខ្ញុំចង់សួរថា លោកមើលឃើអ្នកជំងឺនៅក្នុងនេះសិតតែមានម បានជាលោកធ្វើបែបនេះ ចុះបើចំគ្រួសាលោកវិញតែមានអារម្មណ៍បែបណាវិញ»។
ស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងបន្តថា ដោយសារតែកម្លាំងប្រចាំការគោលដៅច្រកចេញចូល បានអនុវត្តការងារយ៉ាងតឹងរឹងតាមវិធានសុខាភិបាល និងម៉ោងកំណត់ច្បាស់លាស់របស់ក្រុមគ្រូពេទ្យ ហើយបុគ្គលដែលផុសព័ត៌មានមិនពិតនោះក្នុងគោលបំណងអាក្រក់ដើម្បី បង្ខូចកិត្តិយសរបស់កងកម្លាំង ដែលតែងតែលះបង់ទាំងកម្លាំងចិត្តកាយ និងពេលវេលា ដើម្បីសហការជាមួយក្រុមគ្រូពេទ្យ ដោយប្រចាំការតាមគោលដៅធ្វើចត្តាឡីស័ក និងព្យាបាល ២៤ម៉/២៤ម៉ ។
ស្នងការនគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា បញ្ហាដែលធ្វើឲ្យបុគ្គលនេះខឹងហើយផុសព័ត៌មានមិនពិតនេះ គឺដោយសារតែបុគ្គលរូបនេះយកម្ហូបអាហារមកឲ្យសាច់ញាតិរបស់ខ្លួនដែលកំពុងសម្រាកព្យាបាលកូវីដនៅស្តាត ខុសពេលម៉ោងដែលគ្រូពេទ្យកំណត់ជាច្រើនលើកច្រើនសារ និងមិនអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដូច្នេះហើយទើបសមត្ថកិច្ចប្រចាំការតាមច្រកចេញចូលមិនអនុញ្ញាតឲ្យចូល ហើយក៏មានការខឹងនឹងសមត្ថកិច្ចដែលបានអនុវត្តតឹងរឹង បែរជាទៅចុះផ្សាយខុសពីការពិតចោទប្រកាន់មកលើសមត្ថកិច្ចទៅវិញ ។ ទោះជាយ៉ាងណាពេលនេះសមត្ថកិច្ចជំនាញកំពុងតែស្រាវជ្រាវរកម្ចាស់គណនីទាំងនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕