អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផ្ទុះការចាប់អារម្មណ៍ និងការកោតសរសើរ និង កោតស្ងប់ស្ញែងជាខ្លាំងចំពោះទឹកចិត្តគ្រូបង្រៀនម្នាក់ដែលកំពុងតែមានជំងឺកូវីដ-១៩ក៏គាត់ឆ្លៀតបង្រៀនតាមអនឡាញពីកន្លែងព្យាបាលជំងឺនេះផងដែរ ។
ក្នុងគណនីហ្វេសប៊ុកមួយឈ្មោះ Chhoeun Charly Hailin បានបង្ហោះសកម្មភាពរបសលោកគ្រូខាង លើនេះរួមជាមួយនឹងសារទាំងស្រុងថា«ទោះបីជាកើត Covid19(កម្រិតស្រាល) ក៏លោកគ្រូ នៅតែឆ្លៀតបង្រៀនតាមអនឡាញពីកន្លែងព្យាបាលដែរ(បើមិនបង្រៀនគាត់អផ្សុក) ទឹកចិត្តគ្រូបង្រៀនលោកគ្រូ ហៀក វណ្ណៈ (ហៅ លោកគ្រូ តា)គឺជាគ្រូ( គណិតវិទ្យា )ដ៏ស្លូត និងមាន សីលធម៌ខ្ពស់ គាត់តែងតែ បង្រៀន គ្រូ ប្អូនៗ ក្មួយៗ ជំនាន់ក្រោយនូវ បទពិសោធន៍ល្អៗ ទាក់ទង និង ការបង្រៀន និងបំណិនជីវិតជាច្រើន ។ លើសពីនេះគាត់បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងក្រុងប៉ោយប៉ែត រីឯអតីតសិស្សរបស់គាត់បានចាំនូវ ពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន» ។
បន្ទាប់ពីបានឃើញសារនេះភ្លាមមហាជនជាច្រើនបានចូលខំម៉ិនក្នុងគណនីហ្វេសប៊ុកខាងលើនេះ ដើម្បីបញ្ចេញនូវមតិយោបល់របស់ខ្លួន ។ ក្នុងចំណោមអ្នកទាំងនោះគេសង្កេតឃើញម្ចាស់ហ្វេសប៊ុក ឈ្មោះហួត លក្ខិណា បានខំម៉ិនថា«លោកគ្រូមានទឹកចិត្តសូមជូនពរលោកគ្រូឆាប់ជា ទេវតាតាមថែរក្សាលោកគ្រូជានិច្ច» និងហ្វេសប៊ុកឈ្មោះ Li Li «លោកគ្រូខ្ញុំដែរតើស ពិតជាតស៊ូមែនខ្ញុំសុំជូនពរអោយលោកឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវនេះផងចុះ» ៕