ជីដូនមួយរូបបានហូបផ្លែទៀប ដោយប្រហែសចោលគ្រាប់នៅក្បែរទារកអាយុទើបអាយុ ១០ ខែ ស្រាប់តែទារកនោះរើសគ្រាប់ទៀបដែលជីដូនបោះចោលយកមកញាត់មាត់ឈ្លក់ចូលបំពង់ខ្យល់ ស្ទះដង្ហើមក្បែរនឹងស្លាប់ កាលពីរាត្រីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ ។ នេះបើយោងតាមផេក Dr. Beat Richner ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា ។
ប្រភពខាងលើនេះបានឲ្យដឹងបន្តថា ក្រោយកើតហេតុ ម្ដាយទារកខាងលើ និង ជាបុគ្គលដែលបានឆ្លងកូវីដ-១៩ ផងនោះបានរួសរាន់នាំយកកូនជាទីស្រឡាញ់របស់ខ្លួនមកសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ។ ពេលមកដល់ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ សហការជាមួយនឹងក្រុមគ្រូពេទ្យវះកាត់បានដុតដៃដុតជើងតស៊ូយកគ្រាប់ទៀបនោះចេញពីទារកបានដោយស្ថាពរ ដោយប្រើរយៈពេលអស់៤ម៉ោង ក្នុងបន្ទប់វះកា.ត់ ដែលមកទល់ពេលនេះ ទារករងគ្រោះខាងលើ បានធូរស្បើយវិញជាបណ្ដើរៗហើយ ។
បន្ទាប់បានបានឃើញសារដែលក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាបានបង្ហោះនេះមានមហាជនជាច្រើន បានចូលខំម៉ិនយ៉ាងព្រោងព្រាតដើម្បីបញ្ចេញមតិយោបល ។ នេះជាករណីមួយដែលអ្នកម្ដាយ អាណាព្យាបាល និងអ្នកមើលថែទារក ចាំបាច់ត្រូវពិនិត្យឲ្យបានល្អិតល្អន់ ចៀសវាងទុកដាក់វត្ថុរឹងតូចៗនៅក្បែរដៃរបស់ទារក ព្រោះថាអាចបណ្ដាលឲ្យប្រឈមនូវការជួបប្រទះរឿងហេតុបែបនេះ ដែលអាចបង្ករឱ្យមានវិប្បដិសារីទៅថ្ងៃក្រោយអស់មួយជីវិត ៕