ភ្នំពេញ៖ នារីជនជាតិចិនវ័យក្មេងមួយរូបដោយសារតែអស់សង្ឃឹមនឹងជីវិតពេកបានសម្រេចចិត្តរតចូលឡានដើម្បីផ្តាច់ជីវិតរបស់ខ្លួនបង្កឲ្យមានការភ្ញាក់ផ្អើល និងភ័យភ្នែកព្រលឹងចុងសក់ជំនួសរូបនាង ប៉ុន្តែត្រូវមិត្តភក្តិឃាត់ទាន់ពេលកាលពីវេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចខុនដូមួយកន្លែង តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ៥៣ ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
នារីជនជាតិចិនខាងលើនេះមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេដោយគេគ្រាន់តែដឹងថាស្នាក់នៅខុនដូនៅផ្លូវលេខ២៧៨ កែងផ្លូវ៥៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ នាងបានប៉ុនប៉ងរត់ចូលរថយន្តច្រើនលើកច្រើនសារមកហើយ ដោយលើកទី១ នៅវេលាម៉ោង៨យប់ថ្ងៃទី២៨ កក្កដា ត្រូវគេឃាត់ទាន់ និងនាំនាងត្រឡប់ទៅខុនដូរវិញដោយសុវត្ថិភាព ។ លុះដល់វេលាម៉ោង១២យប់ថ្ងៃដដែល នាងក៏ត្រឡប់មកម្តងទៀត តែក៏ត្រូវគេឃាត់ម្តងទៀត និងនាំត្រឡប់ទៅខុនដូរវិញដោយសុវត្ថិភាពជាលើកទី២ រហូតដល់វេលាម៉ោង១និង៣០នាទីឈានចូលថ្ងៃទី២៩ កក្កដា នារីខាងលើក៏ត្រឡប់មកម្តងទៀត បម្រុងរត់ចូ.លរថយន្តម្តងទៀត ប៉ុន្តែត្រូវមិត្តភក្ដិរបស់នាង និងប្រជាពលរដ្ឋឃាត់ទាន់ ។
បើតាមនារីរងគ្រោះខាងលើបានឲ្យដឹងថា មូលហេតុដែលនាងចង់ស្លាប់បែបនេះ គឺដោយសារម្តាយឪពុករបស់នាង បានស្លាប់បាត់បង់ជីវិតទាំងពីរនាក់នៅឯប្រទេសចិន ហើយរូបនាងរស់នៅប្រទេសកម្ពុជាតែម្នាក់ឯងប៉ុណ្ណោះ ។ នាងបញ្ជាក់បន្ថែមថាយប់នេះនាងនឹងបញ្ចប់ជីវិតឲ្យបាន ទោះរត់ចូលរថយន្តមិនស្លាប់ក៏រូបនាងត្រូវតែលោតពីលើខុនដូដែរ ។
បើទោះបីយ៉ាងណាក្តីមិត្តភក្ដិរបស់នារីរងគ្រោះបានប្រាប់ឲ្យដឹងថា នារីរងគ្រោះមានបញ្ហាសតិអារម្មណ៍ ។ បន្ទាប់មកមិត្តភក្ដិរបស់នារីរងគ្រោះបានយករថយន្តមកដឹកនាងចេញពីកន្លែងកើតហេតុ ដោយមិន ឲ្យនាងនៅខុនដូតែម្នាក់ឯងទៀតនោះទេ ព្រោះបារម្ភខ្លាចនារីរងគ្រោះរូបនោះគិតអ្វីផ្តេសផ្តាសណាមួយ ៕