កំពង់ស្ពឺ៖ សាច់ក្របីក្លាស្សេ ចំនួន ៣កុងតឺន័រ ដែលមានផ្ទុកមេរោគកូវីដ១៩ នាំចូលមកពីប្រទេសឥណ្ឌា ត្រូវបានអាជ្ញាធរសមត្ថកិច្ចគយកម្ពុជាចាប់បានដែលនឹងត្រូវនាំយកទៅដុតបំផ្លាញចោល នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ក្នុងរយៈពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ ។
បើតាមលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺនៅយប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ បានណែនាំទៅកាន់អភិបាលស្រុកឱរ៉ាល់សហការជាមួយខាងគយរៀបចំដុតបំផ្លាញសាច់ទាំងនោះ កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ព្រោះលោកអភិបាលខេត្តបារម្ភថាទោះបីជាកប់ក៏អាចមិនមានសុវត្ថិភាពដែរ ។
ទន្ទឹមនឹងនេះលោកអភិបាលខេត្តបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលទិញសាច់គោ សាច់ក្របី ត្រូវប្រុងប្រយ័ត្ន ហើយសួរនាំឲ្យបានច្បាស់លាស់ពីប្រភពនៃសាច់ទាំងនោះ ខ្លាចប៉ះសាច់ក្លាស្សេ ដែលនាំចូលពីឥណ្ឌា មានផ្ទុកមេរោគកូវីដ១៩ ដូចអ្វីដែលគយចាប់បាននាពេលនេះ ខណៈកម្ពុជាជាទីផ្សារសំខាន់មួយសម្រាប់ឥណ្ឌា ដោយការនាំចូលសាច់ក្របីពីឥណ្ឌាមកកម្ពុជាកាលពីឆ្នាំ២០២០ ក្នុងតម្លៃ ១៧,៧ លានដុល្លារ ។
សូមជម្រាបថា ពាក់ព័ន្ធនឹងបញ្ហានេះកាលពីពេលថ្មីៗកន្លងទៅក្រសួងសុខាភិបាល បានប្រកាសឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះមេរោគកូវីដ១៩ អាចនៅរស់នៅលើសាច់កកៗ និងអាហារដែលមិនស្អាតមួយចំនួនទៀត ដែលត្រូវមានការប្រុងប្រយ័ត្នបំផុត ៕